(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតតបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិកូរ៉េខាងជើង ជាជាងការប្រើប្រាស់ជំរើសដ៏គួរឱ្យព្រួយបារម្ភ។ នេះជាការលើកឡើងរបស់ ប្រធានាធិបតីអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតីស៊ី បានប្រាប់ខ្ញុំ ថាគាត់ពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយការដោះស្រាយបញ្ហា ( ជាមួយកូរ៉េខាងជើង) ជាជាងការប្រើប្រាស់ជំរើសមួយដ៏គួរឱ្យព្រួយបារម្ភ...ប្រទេសចិននឹងបន្តជួយពួកយើង!»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ថ្លែងបែបនេះដោយសំអាងលើកិច្ចសន្ទនាជាមួយលោក ស៊ី ជិនពីង កាលពីថ្ងៃសុក្រ ប៉ុន្តែ ទន្ទឹមគ្នា លោកក៏បានប្រកាសដែរថាសហរដ្ឋអាមេរិក និងចិន បានសន្យាចូលរួមដាក់សម្ពាធ ឬទណ្ឌកម្មរហូតទាល់តែទីក្រុង ព្យុងយ៉ាង សម្រេចចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង៕