(ណៃរ៉ូប៊ី)៖ ក្រសួងការបរទេស​អាមេរិក បានជូនដំណឹងទៅ​ប្រទេសកេនយ៉ាថា លោករដ្ឋមន្ត្រី​ការបរទេស រិច ធីល្លឺសុន មិនទាន់​អាចបំពេញ​ទស្សនកិច្ចនៅ​ទីក្រុងណៃរ៉ូប៊ី​ តាមការគ្រោងទុក​​នោះឡើយ ព្រោះពេលនេះ​លោក​កំពុង​មានជំងឺមិន​ស្រួលខ្លួន។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍​ត្រូវបានធ្វើឡើង​ដោយ លោក Steve Goldstein ជាអនុរដ្ឋមន្ត្រី​ការបរទេស ដែលរួមដំណើរ​ជាមួយ លោក ធីល្លឺនសុន។ សម្រាប់មូលហេតុ​​ដែល លោក ធីល្លឺសុន ធ្លាក់ខ្លួន​ឈឺនោះ ត្រូវបាន​លោក Steve អះអាងថា ក៏ព្រោះតែ​រដ្ឋមន្ត្រី​ការបរទេស​​រូបនេះ បានធ្វើដំណើរ និងបំពេញការងារ​ជាប់ៗគ្នា​រយៈពេល ០២ថ្ងៃ ដោយមិនបាន​ទទួលទានដំណេក​បន្តិចនោះឡើយ។

គួរបញ្ជាក់ថា ទស្សនកិច្ច​របស់លោក ធីល្លឺសុន នឹងត្រូវរៀបចំ​នាពេល​ក្រោយទៀត ក្នុងនោះមានទាំង​ការធ្វើទស្សនកិច្ច នៅកន្លែងដែល​ស្ថានទូតអាមេរិក​រងការវាយប្រហារ​ដោយ​គ្រាប់បែក កាលពី​ឆ្នាំ១៩៩៨ នៅក្នុងទីក្រុង​ណៃរ៉ូប៊ី ផងដែរ។

សម្រាប់ដំណើរ​ទៅកាន់តំបន់​អាហ្វ្រិកនោះ លោក ធីល្លឺសុន បានទៅដល់​ប្រទេស អេត្យូពី និងជីបួទី (Djibouti) រួចទៅ​ហើយ ប៉ុន្តែសម្រាប់​កេនយ៉ាវិញ លោកនឹងចាប់​ផ្តើមបំពេញ​ទស្សនកិច្ចនៅ​ពេលលោកប្រសើរ​ឡើងនៅ​ថ្ងៃបន្ទាប់ រួចទើបបន្ត​ដំណើរទៅ​ប្រទេស​ឆាដ និងនីហ្សេរីយ៉ា​ជាកិច្ចបញ្ចប់៕