(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងលែងចាំបាច់​ត្រូវ​​​ភ្ញាក់ពីដំណេក​មុនពេលនាព្រឹក​ព្រលឹម ហើយកោះប្រជុំក្រុម​ប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពី​ការបាញ់សាកល្បង​មីស៊ីលផ្លោង របស់​​ប្រទេសកូរ៉េខាងជើង​ទៀត​ឡើយ។ នេះបើតាមមន្រ្តី​ពីវិមានប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។

បើតាម​ប្រភព​ព័ត៌មានពីមន្រ្តី​ខាងលើ លោក គីម ជុងអ៊ុន បានធ្វើការលើក​ឡើង​បែបនេះ នៅក្នុងអំឡុង​ជំនួបពិភាក្សា​ជាមួយ​ក្រុមបេសកជន ពិសេសទៅពីកូរ៉េខាងត្បូង​ កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍នេះ ដោយលោក​បាននិយាយថា រូបលោកបាន​សម្រេចផ្អាក រាល់​ការធ្វើតេស្តមីស៊ីល​​​ផ្លោងនានា។ ម៉្យាងវិញ​ទៀត លោក គីម បាន​បន្ថែមថា នៅពេលណា​ដែលមាន​បញ្ហា នាពេលនេះ​លោក អាចដោះស្រាយ​វាបាន​យ៉ាង​ងាយ​ តាមរយៈការធ្វើ​កិច្ចសន្ទនា​ដោយផ្ទាល់ តាមខ្សែទូរស័ព្ទ​បន្ទាន់ជាមួយ​លោក មូន។

គួរជម្រាបថា ក្នុងអំឡុងជំនួប​នាថ្ងៃចន្ទកន្លង​ទៅនេះ លោក គីម ជុងអ៊ុន បានព្រមព្រៀង​បើក​ខ្សែទូរស័ព្ទ​បន្ទាន់ជាមួយ លោក មូន ជែអ៊ីន, បើក​កិច្ចប្រជុំកំពូល​អន្តរកូរ៉េលើក​ទីបី នៅចុង​ខែមេសា, បង្ហាញពីឆន្ទៈ​ក្នុងការបើកកិច្ច​ចរចា លុបបំបាត់អាវុធ​នុយក្លអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក ​ដោយអញ្ជើញ​ លោក ដូណាល់ ត្រាំ ជួបមុខគ្នា, និងផ្អាកការ​ធ្វើតេស្តមីស៊ីល​ និងអាវុធនុយក្លេអ៊ែរ​នានា ខណៈដែល​កិច្ចសន្ទនា​ប្រព្រឹត្តទៅ។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង ជារឿយៗតែង​ធ្វើតេស្តមីស៊ីល នៅវេលាទាបភ្លឺ​ក្នុងតំបន់ ដូចជាម៉ោង ០៤៖០០នាទី ឬ ០៥៖០០នាទីព្រឹកព្រហាមជាដើម ហើយ​វា​គឺជានីតិវីធីស្តង់ដា ​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្វើការកោះប្រជុំក្រុម​ប្រឹក្សាសន្តិសុខ ដើម្បីស្ទាបស្ទង់​​ស្ថានការណ៍​ រាល់​ពេលដែល​ទីក្រុងព្យុងយ៉ាង ធ្វើការបាញ់​សាកល្បង​សព្វាវុធ​ទាំងនេះ៕