​(ម៉ានីល)៖ យោធាហ្វីលីពីន​នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ​យ៉ាងហោចណាស់ ១២នាក់ ក្នុងចំណោម ៥០នាក់ បានស្លាប់​​នៅក្នុងការ​ប៉ះទង្គិចគ្នា​​ដ៏សាហាវ​ ជាមួយយោធា​ហ្វីលីពីន នៅភាគខាងត្បូង​នៃប្រទេស។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យ​យោធា​ហ្វីលីពីន លោក អាវីន អេញស៊ីណាស់ (Arvin Encinas) បានឱ្យដឹងថា ការប៉ះទង្គិច​គ្នា ខាងលើបាន​កើតឡើងនៅ​ម៉ោង ០៦៖០០នាទីព្រឹក កាលពី​ថ្ងៃព្រហស្បតិ៍​នៅឯភូមិ ឡូវើ សាលប៊ូ (Lower Salbu) នៃទីក្រុង ដេត សូដី អាំផាទួន (Date Saudi Ampatuan) ស្ថិតនៅក្នុងខេត្ត ម៉ាហ្គាន់អ៊ីនដាណាវ (Magunindanao)។ លោក​បន្ថែមថា ក្រុម​សកម្មប្រយុទ្ធ ២៣នាក់ ជាសមាជិក​របស់ក្រុម Bangsamoro Islamic Freedom Fighters (BIFF) និងយោធា​ហ្វីលីពីនម្នាក់ ក៏បានរងរបួស​ផងដែរ។

គួរបញ្ជាក់ថា បើតាមយោធា​ហ្វីលីពីន BIFF មានក្រុមសកម្ម​ប្រយុទ្ធពី ២០០ ទៅ ៣០០នាក់ ក្នុងនោះភាគច្រើន​ជាអតីតក្រុម​សកម្មប្រយុទ្ធ​ មកពីក្រុមចលនា ម៉ូរ៉ូ (Moro Islamic Liberation Front) ដែលបានចុះហត្ថលេខា​សន្តិភាព​ ជាមួយរដ្ឋាភិបាល​ទីក្រុងម៉ានីល​កាលពី​ឆ្នាំ២០១៥។ លើសពីនេះ​ទៅទៀត ក្រុមសកម្ម​ប្រយុទ្ធ BIFF មួយចំនួនបាន​ចូលរួមប្រយុទ្ធ​ជាមួយក្រុម ISIS នៅក្នុង​ប្រទេសស៊ីរី និងអ៊ីរ៉ាក់៕