​(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro K​ono) បាន​និយាយថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុងការ​តម្លើពន្ធ​នាំចូលលើ ដែកថែប និង​អាលុយមីញ៉ូម អាចនឹងធ្វើឱ្យ​ប៉ះពាល់ដល់ទំនាក់ទំនង​សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ការថ្លែងបែបនេះ​របស់ លោក K​ono ធ្វើឡើងបន្ទាប់​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើបទ​បញ្ជាថ្មីមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយ​តម្លើងពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើ​អាលុយមីញ៉ូម ដែលនាំចូល​មកកាន់​សហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បានបញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍​ ចេញផ្សាយ​នៅ​ថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្ត​របស់សហរដ្ឋអាមេរិក គឺជារឿងមួយគួរឱ្យសោកស្ដាយ ព្រមទាំងអាច​នឹងធ្វើឱ្យប៉ះពាល់​ដល់ ទំនាក់ទំនង​សេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរ និង​ពិភពលោកថែមទៀត»។​

លើសពីទៅទៀត លោក K​ono ក៏បានអះអាងដែរថា ទីក្រុងតូក្យូ នឹង ពិចារណាចំពោះវិធានការឆ្លើយតប ប៉ុន្តែលោកនៅតែអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លើកលែងការតម្លើងពន្ធនេះលើជប៉ុន ដូចជាមិចស៊ីកូ និងកាណាដាដែរ។

គួរបញ្ជាក់ថា ប្រទេសជាច្រើន​ក្នុងនោះរួមមាន​ទាំងចិន និងសហភាពអឺរ៉ុប បានសម្ដែងការ​ខឹងសម្បារ និងសោកស្ដាយ​ជាខ្លាំង ចំពោះគោល​នយោបាយគាំពារនិយម​​របស់ លោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់ថា ខ្លួននឹងចាត់​វិធានការ​ចាំបាច់នានា ដើម្បីសងសឹក​ជាមួយទីក្រុង​វ៉ាស៊ីនតោន បើសេដ្ឋកិច្ចរបស់ពួកគេ​រងផល​ប៉ះពាល់៕ ​