(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយ​ប៊ែលហ្សិកមួយ​ឈ្មោះថា Le Vif weekly នាពេលថ្មីៗនេះ បាន​រាយការណ៍ថា មូលនិធិ​ជាង ១០ពាន់លានអឺរ៉ូ (ជិត ១៣ពាន់​លានដុល្លារ) របស់រដ្ឋាភិបាល​លីប៊ី ដែលត្រូវបានគេ​បង្កកទុក ជា​ផ្នែកមួយនៃការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងអតីត​មេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) បានបាត់ចេញ​ពីគណនីធនាគារ​មួយ ក្នុងប្រទេស​ប៊ែលហ្សិក​ដោយអាថ៌​កំបាំងបំផុត នៅចន្លោះពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៧។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

យោងតាមការ​ស៊ើបអង្កេត​របស់ខ្លួន Le Vif weekly បាន​បញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៣ គណនីចំនួន ០៤ នៃធនាគារ​ប៊ែលហ្សិក Euroclear Bank ដែលជា​កម្មសិទ្ធិ​​របស់អាជ្ញាធរ​​វិនិយោគលីប៊ី (LIA) និងក្រុមវិនិយោគ​បរទេសលីប៊ី (LFICO) នៅក្នុងប្រទេស​បារ៉ែន និងលុចហ្សំបួរ មានប្រាក់ត្រូវ​បានបង្កកជាង ១៦.១ពាន់លានអឺរ៉ូ តម្កល់​នៅទីនោះ។ ប៉ុន្តែនៅពេលអាជ្ញាធរប៊ែលហ្សិក​ ព្យាយាមរឹបអូស​ប្រាក់ទាំង​នេះ​​កាលពី​ឆ្នាំ២០១៧ ស្រាប់តែប្រាក់​នៅក្នុងនោះ នៅសល់តែ ០៥ពាន់លានអឺរ៉ូ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាម Le Vif weekly មានភស្ដុតាង​មួយចំនួនបង្ហាញថា រដ្ឋាភិបាល​ប៊ែលហ្សិក បានបរាជ័យ​ក្នុងការអនុវត្តច្បាប់ របស់អង្គការ​សហប្រជាជាតិ​ ទាក់ទិននឹង​ការបង្កកទ្រព្យសម្បត្តិ​របស់រដ្ឋាភិបាល លោក Gaddafi នៅក្រៅប្រទេស។ នៅ​មុនឆ្នាំ២០១១ លីប៊ីអាច​និយាយបានថា​ ជាមហាសេដ្ឋីប្រេង និងប្រទេសរីកចំរើន​ជាងគេបំផុត​ ក្នុងតំបន់អាហ្វ្រិក​ខាងជើង។ ប៉ុន្តែ ក្រោយរដ្ឋាភិបាល​លោក Muammar Gaddafi រលំរលាយ លីប៊ីពីមុនបានស្លាប់​ទៅជាមួយមេដឹកនាំរូបនេះ​ ដែលលោក​ខាងលិចហៅថា ជាជនផ្ដាច់ការ និងបន្សល់ទុក​តែការបែក​បាក់ជាតិ អសន្តិសុខ និងវិបត្តិ​សេដ្ឋកិច្ច ដែលជាមរតក​នៃបដិវត្តន៍ របស់ប្រជាជន​ល៊ីប៊ីខ្លួន​ឯង ដែលត្រូវបានអុជអាលដោយលោកខាងលិច៕