(ម៉ូស្គូ)៖ មេបញ្ជាការយោធាពីររូប នៃមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់សហដ្ឋអាមេរិក បានបង្ហើបរឿងរ៉ាវដ៏រសើបបំផុតមួយ នោះគឺប្រទេសចិន ដែលកំពុងតែបង្កើតឃ្លាំងសពា្វវុធ តាមរយៈការទិញ ឬជួលដី​ស្ថិតនៅ​ក្នុង​ទីតាំងយុទ្ធសាស្ត្រ និងមានតម្លៃខ្ពស់ ពីប្រទេសនានា ដែលខ្លួនអាច​ដាក់​មូលដ្ឋាន​យោធា រួចសម្រេចបានជោគជ័យ ដោយមិនបាច់​​ប្រយុទ្ធ។ នេះបើតាម​ការ​ចេញ​ផ្សាយ ដោយបណ្តាញ​ព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ការលើកឡើងរបស់មេបញ្ជាការ​យោធាថ្នាក់តំបន់ របស់អាមេរិកខាងលើនេះ ត្រូវបាន​ធ្វើឡើងនៅចំពោះមុខ​កិច្ចប្រជុំគណកម្មការសភា ស្តីអំពីវិស័យ​ការពារជាតិ។ មន្ត្រីដែលចូល​រួម​បកស្រាយ គឺលោក Navy Richard មេបញ្ជាការទ័ពជើងទឹក និង​មេបញ្ជាការ​យោធាជើងទឹក ​ថ្នាក់តំបន់យុទ្ធសាស្ត្រ​អាមេរិក​មួយរូបទៀត គឺឧត្តមនាវីឯក Robert Neller ។

មន្ត្រីយោធាខាង​លើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលយើង​និយាយពី​ប្រទេសចិន ចំណុចសំខាន់គឺស្ថិតនៅឃ្លាខាង​ក្រោមនៃសៀវភៅ​នេះ។ មិនត្រឹមតែ​នៅ​ក្នុងតម្លៃជា​ប្រាក់ដុល្លារ ឬជាសេន​នោះឡើយ ដែលគេបាន​គិតគូរ​នៅក្នុងការ​ចំណាយទៅការពង្រីក​ឥទ្ធិពលយោធា និងបច្ចេកទេស ប៉ុន្តែអ្វីដែលគេ​​កំពុងតែធ្វើ នៅជុំវិញពិភពលោក​នោះ គឺការបង្កើន​ឃ្លាំងអាវុធ»

មេបញ្ជាការយោធា​អាមេរិក ថែមទាំងបានលើក​ឧទាហរណ៍ទៀតថា កាលពី​រដូវក្តៅឆ្នាំ​២០១៧ ប្រទេសចិនបាន​លើកលែងប្រាក់កម្ចី​ដ៏សន្ធឹកសន្ធាប់មួយ ដល់​ប្រទេស​ស្រីលង្កា ប៉ុន្តែជាថ្នូរ ដែលប្រទេសស្រីលង្កាត្រូវតែផ្តល់ឲ្យទីក្រុង​ប៉េកាំងវិញ នូវការព្រមជួលដីតំបន់មួយ នៅ​កំពង់ផែ Hambantota ដ៏មានសក្តានុពល​បំផុតផ្នែកសេដ្ឋកិច្ច​របស់ប្រទេសអាស៊ី​ខាងត្បូងមួយ ក្នុងរយៈពេលជួល ៩៩ឆ្នាំ។ វាជាគំរោងដែល​អាមេរិកចាត់ទុកថា ធំធេងប្រកប​ដោយមហិច្ឆតា​របស់ចិន មាន​ទំហំ​ទឹកប្រាក់ ១.៤ពាន់ពាន់លានដុល្លារ ដែលចិនអះអាងថា ដើម្បីពង្រីកវិស័យពាណិជ្ជកម្ម។

ដោយឡែក លោកមេបញ្ជាការ​ទ័ពជើងទឹក ឧត្តមនាវីឯក Robert Neller ក៏បានសង្កត់ធ្ងន់​ផងដែរថា «ប្រទេសចិន បាននិង​កំពុងលេង​ល្បែរយុទ្ធសាស្ត្រ​ក្នុងរយៈពេល​​យូរ។ ចិនកំពុងតែទិញ​ទីវាលចតយន្តហោះ និងកំពង់ផែ ដើម្បី​បំពេញទៅតាម​​មហិច្ឆតារបស់គេ... នោះគឺការចង់ឈ្នះ ដោយមិនចាំ​បាច់ធ្វើសង្គ្រាម»។ មេបញ្ជាការ​រូបនេះ​​ក៏បាន​សង្កត់ធ្ងន់ថា ការលើកឡើង​​របស់លោក គឺយោងទៅ​លើ​​ទិន្នន័យ នៃការបង្កើន​​ថវិកាលើវិស័យ​យោធា​របស់ចិន គិតចាប់តាំងពី​​ឆ្នាំ២០០៥ មកដល់​បច្ចុប្បន្ន។

មេបញ្ជាការយោធាជើងទឹក​យុទ្ធសាស្ត្រអាមេរិក​ទាំងពីររូបខាងលើនេះ ក៏ត្រូវបានដកស្រង់​សម្តី​ផងដែរអំពីការគំរាមកំហែង​ពីសំណាក់រុស្ស៊ី ដោយក្នុង​នោះ យោធាអាមេរិក​មានការផ្តោតសំខាន់ លើសមត្ថភាព​នៃនាវាមុជទឹក​របស់ទីក្រុងម៉ូស្គូ ដែលជារឿងមួយ ​អាមេរិកមិនត្រូវមើលរំលងនោះឡើយ។ និយាយរួម គឺអាមេរិក​មានការព្រួយបារម្ភ អំពីសមត្ថភាព​វាយប្រហារក្រោមទឹក​របស់រុស្ស៊ីតែម្តង ព្រមជាមួយ​នឹងការដើរតួនាទី​របស់រុស្ស៊ី នៅក្នុងសង្គ្រាម​ស៊ីរី​ជាដើម។

គួរបញ្ជាក់ថា ការលើកឡើង​ដ៏រសើបខាង​លើនេះ មិនទាន់ទទួល​បានប្រតិកម្មពី​ប្រទេសចិន​នៅឡើយទេ ប៉ុន្តែបើតាម​ការកត់សម្គាល់នោះ គឺរាល់ការ​លើកឡើង​បែប​វាយប្រហារ​ពីសំណាក់មន្ត្រី​យោធា​អាមេរិក គឺតែងតែ​ទទួលការវាយបកត្រឡប់ទៅវិញ ដោយ​ក្រសួង​ការពារជាតិ​ចិន។ ជុំវិញការចោទ​ប្រកាន់របស់អាមេរិក​កន្លងមក រួមទាំងបញ្ហា​​នៅសមុទ្រចិនខាងត្បូងនោះ ប្រទេសចិនតែង​តែតបទៅវិញថា ទីក្រុងប៉េកាំង​បាននិងកំពុងព្យាយាមដើរតួនាទី​របស់ខ្លួនយ៉ាងល្អ ដើម្បីរក្សា​សន្តិភាព និងស្ថិរភាព​ក្នុងតំបន់ ព្រមទាំង​អន្តរជាតិទាំងមូល ដោយមិនបានបង្កការគំរាមកំហែង ឬគាបសង្កត់​ដល់ប្រទេស​ណាមួយឡើយ៕