(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខ​បង្ហាញការប្រឆាំង​យ៉ាងដាច់​អហង្កា​​របស់ខ្លួន ទៅលើការ​សម្រេចតម្លើង​ថ្លៃពន្ធនាំចូល​ដែកថែប និង​អាលុយមីញ៉ូម ពីសំណាងសហរដ្ឋអាមេរិក ក្រោយ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​ឲ្យប្រើប្រាស់​ជាផ្លូវការ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយ​​ក្រសួង​សេដ្ឋកិច្ចចិននោះ «ប្រទេសចិនអំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​គិតគូរឡើងវិញ អំពីប្រព័ន្ធ​ពាណិជ្ជកម្ម​​ពហុភាគី និងដក​​នយោបាយ​ខាងលើ​នេះ​​ត្រឡប់ទៅវិញ​​ជាបន្ទាន់»។ ប្រទេសចិន​​ក៏​បាន​ព្រមាន​​ផងដែរថា នឹងចាត់​វិធានការ​ដើម្បី​ការពារសិទ្ធិ និងផលប្រយោជន៍​​ស្រប​ច្បាប់ទាំង​អស់​របស់ខ្លួន។ ទង្វើ​អាមេរិក​​បែបនេះ ត្រូវបានទីក្រុងប៉េកាំង​លើកឡើងថែម​ទៀតថា គឺជាការបំផ្លាញ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី​ របស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO យ៉ាងពិត​ប្រាកដ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់​ ត្រាំ បានប្រើប្រាស់​អំណាច​​ប្រតិបត្តិ​របស់លោក​ ដោយចុះហត្ថលេខា​​លើបទបញ្ជាថ្មី​មួយ ស្ដីពីការតម្លើងពន្ធ​លើការនាំចូល​ដែកថែប និងអាលុយមីញ៉ូម​មកកាន់​សហរដ្ឋអាមេរិក។ យោងតាម​បញ្ជាថ្មីនេះ សហរដ្ឋអាមេរិក​នឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូល​ដែកថែប និង ១០ភាគរយ លើ​អាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែង​ពីគោលនយោបាយ​នេះ តាមការតម្រូវដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរីអាមេរិក​ខាងជើង ឬហៅ​កាត់ថា NAFTA។

ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធី​ចុះហត្ថលេខា នាថ្ងៃព្រហស្បតិ៍​នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការ​ចរចាឡើងវិញ​នូវ កិច្ចព្រមព្រៀង NAFTA ហើយ​ថាអ្វីដែល ធ្វើនៅពេល​នេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិក​ដឹងច្បាស់ពី​មិត្តពិតប្រាកដ និងដើម្បី​ការពារសន្តិសុខជាតិ​អាមេរិក៕