(ទី្រប៉ូលី)៖ កងកម្លាំងយោធា​ភាគខាងកើត​លីប៊ី បានកំណត់​ថ្ងៃទី១៧ ខែមីនា ជាថ្ងៃសម្រាប់ជន​ទាំងឡាយ ដែលមកពីបណ្តា​ប្រទេស​អាហ្រ្វិក​​ជិត​ខាង ចាកចេញឲ្យអស់​ពីតំបន់ភាគខាងកើតត្បូង​ នៃប្រទេសលីប៊ី​ជាបន្ទាន់ ដើម្បីបើកឲ្យមានការបង្រ្កាប​អំពើហិង្សា​ ដែលកំពុងតែពុះកញ្រ្ជោល​ខ្លាំង​នៅ​ទីនោះ​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

មេបញ្ជាការ​កងទ័ពលីប៊ី ដែលមានមូលដ្ឋាន​នៅភាគខាងកើត​ប្រទេស គឺនាយឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតា (Khalifa Haftar) នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ បាន​កំណត់​ថ្ងៃ​ទី១៧​ ខែមីនា ជាថ្ងៃចុងក្រោយ សម្រាប់ការធ្វើ​ដំណើរ​ចាកចេញ​របស់ជន​ទាំងឡាយ ដែលមកពីបណ្តា​ប្រទេស​អាហ្រ្វិកក្បែរខាងនៃលីប៊ី ហើយបើផុតពេលវេលា​កំណត់នេះ ពួកគេទាំងនោះ នឹងត្រូវជម្លៀស​ចេញ​ដោយ​បង្ខំ តាមគ្រប់មធ្យោបាយ​ធ្វើដំណើរ​ទាំងផ្លូវគោក​ និងផ្លូវទឹក។

គួរជម្រាបថា ការអំពាវខាងលើ​ត្រូវបានធ្វើឡើង បន្ទាប់ពីការ​ប្រយុទ្ធគ្នា​យ៉ាងក្តៅគុក នៅភាគខាងត្បូង​ប្រទេសលីប៊ី ត្រូវគេរាយការណ៍​ថា បានបង្កឲ្យមនុស្ស​ស្លាប់-របួស​ជាច្រើននាក់ និងធ្វើឲ្យរាប់រយនាក់​ផ្សេងទៀត​ ភៀសខ្លួន​ពីលំនៅឋាន​របស់ពួកគេ ខណៈអ្នក​ដែលមកពី​ប្រទេស​ឆាដ (Chad) នីហ្សេ (Niger) និង ស៊ូដង់ ជាដើម ត្រូវបានចោទ​ប្រកាន់ថា មានជាប់ពាក់ព័ន្ធ​នឹងបញ្ហាជម្លោះ នៅតំបន់ភាគ​ខាងត្បូង​​នោះ៕