(វ៉ាស៊ីនតោន)៖ នៅទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បានប្រើប្រាស់អំណាច​ប្រតិបត្តិ​របស់លោក​ ដោយចុះហត្ថលេខា​លើបទបញ្ជាថ្មី​មួយ ស្ដីពីការតម្លើងពន្ធ​លើការនាំចូល​ដែកថែប និងអាលុយមីញ៉ូម​មកកាន់​សហរដ្ឋអាមេរិក។ នេះ បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

យោងតាម​បញ្ជាថ្មីនេះ សហរដ្ឋអាមេរិក​នឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូល​ដែកថែប និង ១០ភាគរយ លើ​អាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែង​ពីគោលនយោបាយ​នេះ តាមការតម្រូវដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរីអាមេរិក​ខាងជើង ឬហៅ​កាត់ថា NAFTA។ ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធី​ចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍​នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការ​ចរចាឡើងវិញ​នូវ កិច្ចព្រមព្រៀង NAFTA ហើយ​ថាអ្វីដែល ធ្វើនៅពេល​នេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិក​ដឹងច្បាស់ពី​មិត្តពិតប្រាកដ និងដើម្បី​ការពារសន្តិសុខជាតិ​អាមេរិក។

គួរបញ្ជាក់ថា ការតម្លើងពន្ធ​លើដែកថែប និងអាលុយមីញ៉ូម នឹងចូលជាធរមាន​ក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃចុះហត្ថលេខា ប៉ុន្តែចិន និងបណ្ដា​ប្រទេស​មួយចំនួន ដែលពឹងផ្អែក​លើទីផ្សារ​អាមេរិក សន្យាថា នឹងចាត់វិធានការ​ឆ្លើយតប បើសិនជាការ តម្លើងពន្ធនេះ​ប៉ះពាល់ដល់ពាណិជ្ជកម្ម​របស់ពួកគេ៕