​(វ៉ាស៊ីនតោន)៖ បេសកជនពិសេស​កូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយាថា​ ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រម​ទទួលយក​ការអញ្ជើញ ហើយថានឹងព្រមជួប​ជាមួយមេដឹកនាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ខែឧសភាខាង​មុខនេះ។ ប៉ុន្តែលោក ត្រាំ បានអះអាងថា ទណ្ឌកម្មប្រឆាំង​កូរ៉េខាងជើង នៅតែបន្តអនុវត្តជានិច្ច រហូតឈាន​ដល់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​​នៅឯ​សេតវិមាន នាឱកាស​បំពេញ​ដំណើរទស្សនកិច្ច​ក្នុង ​សហរដ្ឋអាមេរិក កាលពី ថ្ងៃព្រហស្បតិ៍ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong)​ លើកឡើងដូច្នេះថា «មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពី​ការប្ដេជ្ញាចិត្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់​ការធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល... ដូច្នេះ លោក​ប្រធានាធិបតី​អាមេរិក បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយមេដឹកនាំ​កូរ៉េខាងជើង នៅ​ខែឧសភា»។ ក៏ប៉ុន្តែទន្ទឹមគ្នា ក៏បានបញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង នៅតែបន្តអនុវត្តជានិច្ចរហូតឈាន ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា បើតាមលោក ជុង អ៊ុយយ៉ុង កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាថានឹងជួបគ្នាជាលើកទី០៣ នៅខែមេសាខាងមុខនេះ នៅភូមិ P​anmunjom តែប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បញ្ជាក់គោលជំហរថានឹង មិនយកការបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីជាថ្នូរបានជួបចរចាជាមួយទីក្រុងព្យុងយ៉ាង នោះឡើយ៕