(ស៊ីដនី)៖ គ្រោះរញ្ជួយដីមួយ​ផ្សេងទៀត​កម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារ​ចំដែនសមុទ្រភាគ​ខាងកើត​កោះ ឡាថាងហ្គៃ (Latangai) នៃប្រទេស​ដីកោះ​​ប៉ាពួ​ញូហ្គីណេ ដែលហេតុការណ៍​នេះ​ បានកើតឡើងមិនដល់​ពីរសប្តាហ៍ផង ក្រោយពី​គ្រោះរញ្ជួយដី​កម្រិតធ្ងន់ ៧.៥រ៉ិចទ័រ បានវាយលុក​យ៉ាងដំ​ណំទៅ​លើប្រជាជាតិ ដែលនៅភាគនិរតី​ នៃតំបន់​ប៉ាស៊ីហ្វិកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដី​ចុងក្រោយ​បំផុតនេះ បានកើតមាន​ជាមួយជម្រៅ ១៥.២គីឡូម៉ែត្រ​ក្រោមបាត​សមុទ្រ ហើយភ្លាមៗ​បែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ ស្តីពីមនុស្ស​រងគ្រោះ ឬការបំផ្លិចបំផ្លាញ​​ធ្ងន់​ធ្ងរ​​អ្វី​ឡើយ។ ជាមួយ​គ្នានេះ មជ្ឈមណ្ឌលឃ្លាំ​មើលរលកយក្សស៊ូណាមិ​ ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានឲ្យ​ដឹងដែរថា វាពុំបានបង្ក​ការគំរាមកំហែង​​ ជា​រលកយក្សនោះទេ។

គួររំលឹកថា គ្រោះរញ្ជួយដី ដែលបានវាយប្រហារ​ខេត្ត Southern Highlands របស់​ប៉ាពួញូហ្គីណេ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ បាន​បង្ក​ឲ្យមនុស្សជាង ៣០នាក់ស្លាប់ និងរាប់រយ​នាក់រងរបួស ហើយបន្ទាប់​ពីនោះ ហេតុការណ៍រំញ័រ​តូចៗមួយ​ចំនួនទៀត ក៏បានកើតឡើង​ជាបន្ត​បន្ទាប់ ក្នុងចន្លោះជិតពីរសប្តាហ៍​ចុងក្រោយនេះ​ផងដែរ៕​