(ប៉េកាំង)៖ ប្រមុខការទូត​នៃប្រទេសចិន លោក វ៉ាង យីង (Wang Yi) បានទម្លាក់កំហុស​ទៅលើកត្តា​ពីខាងក្រៅ ដែលទំនងជាចង់​សំដៅ​ទៅ​លើ​សហរដ្ឋអាមេរិកថា កំពុងបង្អួត​សាច់ដុំ នៅដែនសមុទ្រ​ចិនខាងត្បូង ក្រោមចេតនា​អាក្រក់ ដើម្បីបង្ក​អស្ថិរភាព​សាជាថ្មី នៅក្នុងតំបន់ ​បន្ទាប់ពីបាន​មើលឃើញថា ភាពតានតឹង​ដែលធ្លាប់តែក្តៅ​គគុក បានចាប់ផ្តើម​ថមថយទៅវិញ​ហើយ​នោះ។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Spuntik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

​លោក វ៉ាង បានលើក​ឡើងថា «​បញ្ហាចម្បង​គឺថាក្រុមពីខាងក្រៅ​មួយចំនួន មិនសប្បាយចិត្តនោះឡើយ ចំពោះការដែលស្ថាន​​ការណ៍ នៅ​ក្នុង​តំបន់សមុទ្រចិនខាងត្បូង ទទួលបានភាពប្រសើរឡើង។ ពួកគេកំពុង​បង្កហេតុ ដោយព្យាយាម​បង្កើតភាពវឹកវរ តាមរយៈ​ការបញ្ជូន​យន្ត​​ហោះ ​​និង​នាវា​ប្រដាប់ដោយ​សព្វាវុធ​ជាច្រើនប្រភេទ មកកាន់​តំបន់នេះ ក្នុងន័យជាការកំញើញ​ឥទ្ធិពល​ជាដើម»។ ​

ការលើកឡើងខាង​លើរបស់​រដ្ឋមន្រ្តី​ការបរទេសចិន លោក វ៉ាង យី ត្រូវបានធ្វើឡើង​ក្នុងឱកាស​ នៃការធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​មួយ នៅ​​រដ្ឋធានី​ប៉េកាំង ដោយលោក វ៉ាង បានសំដៅទៅ​លើការដាក់ពង្រាយ​កម្លាំងយោធា គឺជាបញ្ហា​ប្រឈម​ដ៏ធំបំផុត សម្រាប់ស្ថិរភាព​នៅក្នុង​ដែនសមុទ្រ​ចិនខាងត្បូង ដែលជាតំបន់ផ្លូវទឹក​សេដ្ឋកិច្ច និងយុទ្ធសាស្រ្ត​យ៉ាងសំខាន់​មួយ ដែលកំពុង​មានវិវាទ​ដ៏ចម្រូងចម្រាស ជាមួយបណ្តា​​ប្រទេសដទៃ​ទៀតនៅ​ក្នុងតំបន់។

គួរជម្រាបថា សហរដ្ឋ​អាមេរិក បាននិងកំពុងបន្ត​ធ្វើឲ្យស្ថានការណ៍​នៅតែមាន​ភាពតានតឹង តាមរយៈការ​ល្បាត ក៏ដូចជាការធ្វើសមយុទ្ធ​​ជា​មួយសម្ព័ន្ធមិត្ត​របស់ខ្លួនជាដើម នៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូង ដោយទីក្រុង​វ៉ាស៊ីនតោន​បានអះអាងថា ទង្វើរបស់ខ្លួន​ គឺដើម្បីតែធានាឲ្យ​​បាន​នូវសេរីភាព​ នៃការធ្វើ​នាវាចរប៉ុណ្ណោះ ខណៈដែល​ទីក្រុង​ប៉េកាំង បានចាត់ទុក​ទង្វើនេះថា គឺជាការបំពាន​លើអធិបតេយ្យភាព​របស់ខ្លួន៕