(ប៉េកាំង)៖ រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី បានអំពាវនាវ​នៅថ្ងៃព្រហស្បតិ៍នេះ ទៅកាន់​ប្រទេសជប៉ុន ដោយបង្ហាញ​ពីចេតនារបស់ចិន ដែលចង់ឲ្យ​រដ្ឋាភិបាលជប៉ុន ទុកខ្លួន​ជាដៃគូ ជាជាងទុកជា​ការគំរាមកំហែងនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

ការថ្លែងរបស់​លោក វ៉ាង ខាងលើនេះ ត្រូវបានធ្វើឡើង​នៅឯ​សន្និសីទ​​សារព័ត៌មាន​​មួយ​ក្នុងរដ្ឋ​ធានី​​​ប៉េកាំង ស្តីពីលទ្ធផល​​សម័យ​ប្រជុំលើក​​ទីមួយ នៃសភាប្រជាជនចិន​​​នីតិកាល​ទី ១៣។ នាឱកាស​នោះដែរ រដ្ឋាភិបាលចិន​បានបង្ហាញឆន្ទៈ ក្នុងការ​ធ្វើការងាររួមគ្នា​ជាមួយ​ជប៉ុន ក្នុងការស្តារទំនាក់ទំនង​ឲ្យបានប្រសើរ​ឡើងវិញ និងអភិវឌ្ឍន៍​ទៅមុខដោយ​ឋិតឋេរ ដរាបណាជប៉ុន​មិនរារែក ហើយព្រមទទួល​ស្គាល់ការអភិវឌ្ឍ​របស់ចិន។

គួរបញ្ជាក់ថា នៅក្នុង​ឆ្នាំ២០១៨នេះ គឺជាពេលវេលា​ដ៏សំខាន់ នៃប្រារព្ធ​ខួប ៤០ឆ្នាំ នៃការចុះហត្ថលេខា​លើសន្ធិសញ្ញា​សន្តិភាព និងមិត្តភាព​រវាងជប៉ុន-ចិន៕