(សេអ៊ូល)៖ បេសកជន​ពិសេស​កូរ៉េខាងត្បូង​ពីររូប ដែលទើបតែ​បានបញ្ចប់​ការ​បំពេញដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ នៅ​កូរ៉េខាងជើង កាលពីដើម​សប្ដាហ៍​នេះ បានជិះយន្ដហោះ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ហើយ នៅ​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រាប់​ពីលទ្ធផល នៃដំណើរ​ទស្សនកិច្ច​រយៈពេលពីរថ្ងៃ​របស់ពួកគេ នៅទីក្រុង​ព្យុងយ៉ាង។ នេះបើតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

យោងតាមប្រភពពីវិមាន​ប្រធានាធិបតីកូ​រ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ជាទីប្រឹក្សា​​សន្តិសុខជាតិ និងលោក ស៊ូ ហ៊ូន (Suh Hoon) ជា​នាយក​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​កូរ៉េខាងត្បូង បាន​ចាកចេញពី​ទីក្រុង អ៊ីនជឿន (Incheon) នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញ ដំណើររទស្សនកិច្ច​នៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃសៅរ៍។

បន្ថែមពីលើនេះ នៅអំឡុងពេលស្នាក់នៅក្នុង​ទីក្រុងវ៉ាស៊ីនតោន មន្ត្រីកំពូល​ទាំងពីរនាក់ នឹងត្រូវជួបពិភាក្សា​ការងារជាមួយមន្ត្រី​ជាន់ខ្ពស់អាមេរិក ទាក់ទិននឹង​បញ្ហាសន្តិសុខ និងការស៊ើបការណ៍​សំងាត់ ព្រមទាំងលទ្ធផល​នៃជំនួបរវាង​នាក់ទំាងពីរ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថា បើតាម​លោក Chung Eui-yong កូរ៉េខាងជើង​មានបំណងចង់​ជួបចរចា ជាមួយសហរដ្ឋអាមេរិក ស្ដីពី​ការលុប បំបាត់អាវុធ​នុយក្លេអ៊ែរ​នៅលើឧបទ្វីប​កូរ៉េ ហើយមិនតែ​ប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង​ក៏បានសន្យាដែរថា ខ្លួននឹងបញ្ឈប់​ការធ្វើ តេស្ដសាកល្បង​អាវុធនុយក្លេអ៊ែរ និងគ្រប់មីស៊ីល បើសិនជាសន្តិសុខ​របស់ខ្លួន​ត្រូវបានធានា៕