(ហ្សាកាតា)៖ គ្រោះរញ្ជួយដី​មួយមាន​កម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារ​លើតំបន់កោះ​ភាគខាងកើត នៃប្រទេស​ឥណ្ឌូណេស៊ី នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ឧតុនិយម និងផែនដីឥណ្ឌូណេស៊ី ហេតុការណ៍​ខាងលើ បានកើត​ឡើងនាវេលាម៉ោង ១០៖៥១នាទី​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅ​ឥណ្ឌូណេស៊ី) ដោយចំណុច​រំញ័រកណ្តាល​របស់វា ស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រ ភាគឦសាន​ខេត្ត Maluku ជាមួយជម្រៅ ១០គីឡូ​ម៉ែត្រ ក្រោមបាត​សមុទ្រ។

គួរជម្រាបថា ឥណ្ឌូណេស៊ី ជាប្រទេសមួយ​ងាយនឹងគ្រោះរញ្ជួយដី ដោយសារតែ​ប្រជាជាតិនេះ ស្ថិតនៅលើតំបន់​ខ្សែ​ក្រវាត់​ភ្នំភ្លើង នៃមហាសាគរ​ប៉ាស៊ីហ្វិក ដែល​គេហៅថា The Pacific Ring of Fire។ យ៉ាងណាមិញ គេពុំឃើញ​មានសេចក្តីរាយការណ៍​ស្តីពីការ​​បំផ្លិច​បំផ្លាញ ឬមនុស្ស​រងគ្រោះ ដោយសារគ្រោះរញ្ជួយផែនដី​ខាងលើនេះ​ឡើយ៕​