(ឡូសអាន់ជែឡែស)៖ តារាភាពយន្តអាសអាភាសវ័យក្មេង ប្រចាំសហរដ្ឋអាមេរិក គឺនាង ស្តរមី ដានីញែល (Stormy Daniels) បានដាក់ពាក្យបណ្តឹង​រួចហើយទៅកាន់តុលាការ ដោយប្តឹង​​សុំទុកជាមោឃៈនូវ​លិខិត​ ​ដែលនាងចុះ​ហត្ថលេខា​ជាមួយ លោក ដូណាល់ ត្រាំ កាលពីមុន​ថ្ងៃបោះឆ្នោត​ឆ្នាំ២០១៦ ដោយកាលណោះ នាងត្រូវព្រម​មិនទម្លាយរឿង​ដែលនាង​ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតី​រូបនេះ ជាដាច់ខាតតែម្តង។ នេះបើតាម​ការ​ចេញផ្សាយ​ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

ពាក្យបណ្តឹង​ដែលត្រូវបានដាក់ ជូនទៅតុលាការ​សង្កាត់មួយ នៃទីក្រុងឡូសអាន់ជែឡែស​នេះ តារាសិច​ខាងលើ​ដែលឈ្មោះដើម​ថា ស្ទេហ្វិនី គ្លីហ្វហ្វដ គឺនាងបាន​សុំឲ្យតុលាការ​ទុកកិច្ចព្រមព្រៀង ដែលនាងបានចុះ​ហត្ថលេខាជាមួយលោក ដូណាល់ ត្រាំ កាលណោះ​គឺជា «មោឃៈ និងគ្មានប្រសិទ្ធភាព» ដើម្បីបើកកកាយរឿងថា នាងពិត​ជាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ លោក ត្រាំ កាលពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៧ ពិតមែន។

គួរបញ្ជាក់ថា ចេតនារបស់តារា​ភាពយន្តក្តៅសាច់​ខាងលើនេះ គឺនាង​ចង់បង្ហាញ​ឲ្យសាធារណជន​ដឹងច្បាស់ អំពីទំនាក់ទំនង​យ៉ាងលម្អិត កាលពីអតីតកាល​រវាងនាង និង លោក ដូណាល់ ត្រាំ នៅមុនការបោះ​ឆ្នោតឆ្នាំ​២០១៦។ នាងបាន​បញ្ជាក់ថា ជំនួយការ​តំណាងផ្ទាល់ នៃលោក ត្រាំ កាលណោះ​គឺលោក ម៉ៃឃើល ខូហែន (Michael Cohen) បានមកចុះ​ហត្ថលេខា​ជា​មួយនាង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មុន ១០ថ្ងៃ ការបោះឆ្នោតប្រធានាធិបតីមកដល់៕