(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rondong Sinmun នាថ្ងៃពុធនេះ បានចេញផ្សាយថា ការដែលប្រទេស​របស់ខ្លួន មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងដៃ គឺគ្រាន់តែជាជម្រើស​សម្រាប់ជ្រើសរើស​មួយប៉ុណ្ណោះ ដើម្បីការពារ​ប្រជាជាតិខ្លួន ពីការគំរាមកំហែង​នៃអាវុធ​នុយក្លេអ៊ែរ​ ពីសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ​២០១៨។

នៅក្នុងអត្ថបទព័ត៌មាន​មួយរបស់ខ្លួន Rondong Sinmun បានចោទ​សហរដ្ឋអាមេរិកថា បាន​បង្កការគំរាមកំហែង​ នៃអាវុធនុយក្លេអ៊ែរ​​មកលើប្រទេស​កូរ៉េខាងជើង​ អស់រយៈពេលជា​ច្រើនទសវត្សរ៍​មកហើយ រហូតយកវា​ធ្វើជាគោលនយោបាយ​មួយ ដើម្បីបើក​ការ​វាយ​ប្រហារដោយ​នុយក្លេអ៊ែរ មកលើប្រជាជាតិ​អាស៊ីខាងកើត​មួយនេះ។

Rondong Sinmun បានបញ្ជាក់ថា កូរ៉េខាងជើង​ពុំមានជម្រើស​អ្វីផ្សេងឡើយ ដើម្បីការពាររបប​ និងជោគវាសនា​នៃប្រជាជាតិមួយនេះ នៅក្នុងការ​ប្រឈមមុខ​ដាក់គ្នា ជាមួយមហាអំណាច​នុយ​ក្លេអ៊ែរដ៏ធំ​បំផុត​លើលោក គឺអាមេរិក។

គួរជម្រាបថា ការបកស្រាយ​ខាងលើពី​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​ក្រោយពីរដ្ឋាភិបាល​ទីក្រុងសេអ៊ូល បានអះអាងថា ទីក្រុង​ព្យុង​យ៉ាង នឹងមិនប្រើប្រាស់​អាវុធក្លេអ៊ែរ​ ឬអាវុធធម្មតា ប្រឆាំង​កូរ៉េខាងត្បូងឡើយ ហើយប្រសិន​បើសុវត្ថិភាព​របស់កូរ៉េខាងជើង ត្រូវបាន​ធានា​ទាំងស្រុងនោះ របបដឹកនាំ​ទីក្រុងព្យុងយ៉ាង នឹងសម្រេចផ្អាក​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន ដែលការបញ្ជាក់​ពីរដ្ឋាភិបាលទីក្រុង​​សេអ៊ូល ត្រូវបានធ្វើឡើង បន្ទាប់ពីបេសកជន​ពិសេស​របស់ប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានត្រឡប់ពី​រដ្ឋធានី​ព្យុង​យ៉ាងវិញ ក្រោយពីបាន​​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន៕