(វ៉ាស៊ីនតោន)៖ អតីតជំនួយការក្នុងយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ គឺលោក Rick Gates បានសារភាពកំហុស​ចំពោះការចោទ​ប្រកាន់នានា​ថា លោកបានរួមគំនិត​ក្នុងការចេញ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ ទៅកាន់ក្រុមស៊ើប​អង្កេតពិសេស ដឹកនាំ​ដោយ​លោក រ៉ូប៊ឺត មួល្លឺ (Robert Mueller) ជុំវិញរឿងក្តីរុស្ស៊ី​លូកលាន់ការបោះឆ្នោត កាលពី​ឆ្នាំ២០១៦ និងការក្លែងបន្លំផ្នែកធនាគារ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Gates វ័យ ៤៥ឆ្នាំ មកពីរដ្ឋ វឺជីនៀ (Virginia) បានចូលខ្លួនទៅ​ស្រាយបំភ្លឺ​ នៅក្នុងតុលាការ​​​សហព័ន្ធទីក្រុង​​វ៉ាស៊ីនតោន នៅរសៀល​​ថ្ងៃសុក្រ (ម៉ោងនៅ​ទីក្រុង​វ៉ាស៊ីនតោន) ហើយក៏បាន​​​សារព័ត៌ភាព​​​កំហុស តាមការ​​ចោទប្រកាន់​​​តែម្តង។ យោងតាម​ការបញ្ជាក់​ពី​​តុលាការ លោក Gates បាន​សារភាព​ថា លោក​ពិតជាបាន​ប្រព្រឹត្តទង្វើ​​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក (ក្បត់ជាតិ) ហើយ​ចេញ​​សេចក្តី​ថ្លែងការណ៍​ក្លែងក្លាយ​ ទៅកាន់​ការិយាល័យ​​​ស៊ើបអង្កេត​​សហព័ន្ធ​ FBI ថែម​ទៀត។

គួរបញ្ជាក់ថា ការសារភាពរបស់ លោក Gates បានកើតមាន​ឡើងតែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​​​បន្ទាប់ពី​សហការីជំនួញ​រាប់ឆ្នាំរបស់​លោក​ គឺលោក ផូល ម៉ាណាហ្វត (Paul Manafort) ត្រូវបាន​តុលាការរដ្ឋ Virginia ចោទប្រកាន់​ពីបទគេច​វេសពន្ធ និងលួចបន្លំ​គណនី​ធនាគារ។ លោក Manafort ជាអតីតប្រធាន​យុទ្ធនាការ​បោះឆ្នោត លោក ដូណាល់ ត្រាំ រីឯលោក Gates មានតួនាទី​ត្រឹមជាជំនួយការប៉ុណ្ណោះ។

អតីត​មន្ត្រី​ជំនិត ដូណាល់ ត្រាំ ទាំងពីរ​ខាងលើ​នេះ ត្រូវបានចោទប្រកាន់​ពីបទលាង​​លុយ ៣០លានដុល្លារ ដោយមិនបាន​បង់ពន្ធជូនរដ្ឋក្នុង​រយៈពេល ១០ឆ្នាំ ហើយទាំងពីរនាក់​នេះ ក៏បានជាប់​ឈ្មោះក្នុង​បញ្ជីស៊ើបអង្កេត​របស់ លោក Mueller ប្រធានក្រុមរដ្ឋអាជ្ញាពិសេស ដែលកំពុងស៊ើបអង្កេត​ ពាក់ព័ន្ធនឹង​ការលូកលាន់​របស់រុស្ស៊ី ដែលត្រូវបាន​គេចោទ​ប្រកាន់ថា បានជួយ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​កាលពីឆ្នាំ២០១៦ តាមរយៈការ​ទម្លាយសារ​សម្ងាត់ បង្ខូចឈ្មោះ​គូប្រជែង គឺលោកស្រី ហ៊ីលឡារី គ្លីនតុន៕