(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹង ថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា លោកនឹងមិនបញ្ជូនកងទ័ពហ្វីលីពីនឱ្យទៅចូលរួមក្នុង សង្រ្គាម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ស្របពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលកំពុង ជួបភាពតានតឹងជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកចាត់ទុកថា លោក ឌូតឺតេ ជាអ្នកគំរាមកំហែងលិទ្ធិប្រជាធិបតេយ្យ៕

២៖ វាមិនមែនជារឿងងាយឡើយ ដែលត្រូវច្នៃប្រឌិតសំលៀកបំពាក់ ពីមួយជំនាន់ទៅមួយជំនាន់សម្រាប់ក្រុមអវកាស យានិករបស់អង្គការ NASA ដើម្បីបំពេញបេសកកម្មនៅទីអវកាសដ៏លំបាក អាចស៊ូទ្រាំនឹងគ្រប់កាលៈទេសៈ និងធ្វើឲ្យអវកាសយានិកយើងមានផាសុខភាពនោះ៕

៣៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះអាវុធមួយនៅឯ ទីស្នាក់ការសកម្មជនមួយក្រុម ដែលគាំទ្រកូរ៉េខាងជើង នៅក្នុងសង្កាត់ Chiyoda Ward កណ្ដាលទីក្រុងតូក្យូ៕

៤៖ លោក បាណាបាយ ហ្សយសេ (Barnaby Joyce) នៅថ្ងៃសុក្រនេះ បាននិយាយថា លោកនឹងលាលែងពីតំណែង ជាឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏ដូចជាប្រធានគណបក្សរបស់លោក បន្ទាប់ពីជាប់ផុងក្នុងរឿងអាស្រូវផ្លូវភេទក្រៅ អាពាហ៍អិពាហ៍ជាមួយ អតីតលេខាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់លោក អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ៕

៥៖ សហរដ្ឋអាមេរិកកំពុងបន្តរក្សាវត្តមានរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីពង្រឹងតួនាទី និងអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងនៅក្នុងតំបន់ កាន់តែឡើងកំដៅខ្លាំង៕

៦៖ ការសិក្សាថ្មីមួយបានបង្ហាញថា បណ្តុំផ្កាថ្ម-ថ្មប៉ប្រះទឹកជាច្រើននៅលើពិភពលោក អាចនឹងប្រឈមមុខនឹងការបំផ្លិច បំផ្លាញនៅ ប៉ុន្មានសតវត្សរ៍ខាងមុខនេះ ដោយសារតែកម្រិតអាស៊ីតសមុទ្រ ចេះតែបន្តកើនឡើងជាលំដាប់៕

">