(ហ្វីលីពីន)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​អះអាងថា លោកនឹងមិនបញ្ជូន​កងទ័ពហ្វីលីពីន​ឱ្យទៅ ចូលរួមក្នុង​សង្រ្គាម ដែលដឹកនាំ​ដោយសហរដ្ឋអាមេរិក​នោះទេ ស្របពេល​ទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ម៉ានីល កំពុងជួបភាព​តានតឹង​ជាថ្មី បន្ទាប់ពី​សហរដ្ឋអាមេរិក​ចាត់ទុកថា លោក ឌូតឺតេ ជាអ្នកគំរាមកំហែង​​លិទ្ធិ​ប្រជាធិបតេយ្យ។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ឌូតឺតេ ថ្លែងបែបនេះ​នៅក្នុងសុន្ទរកថា​មួយ នៅឯខេត្ត អ៊ីឡយឡូ (Iloilo) កាលពី​ថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ថែមទាំងបញ្ជាក់​ត្រង់ៗ​ទៀតថា លោកមិនចង់​ឱ្យកងទ័ព​ហ្វីលីពីន ចូលរួមនៅក្នុង​សង្រ្គាម​ ដែលមិនមាន​ជាប់ពាក់ព័ន្ធ​នឹង ហ្វីលីពីន​នោះឡើយ។ លោក ឌូតើតេ បានលើក​ឡើងដូច្នេះ​ថា «នៅពេលនេះ ខ្ញុំនឹងប្រាប់​អ្នកទាំងអស់​គ្នាថា ខ្ញុំនឹងមិន​អនុញ្ញាត​ឱ្យមានការបញ្ជូនកងទ័ព​របស់យើង​ទៀតនោះទេ ជាពិសេស​គឺទៅចូលរួមសង្រ្គាម​ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមិនមែន​ពាក់ព័ន្ធអ្វីទាល់​តែសោះ នឹងសនិ្តសុខ​ប្រទេស​របស់យើង»។

គួររំលឹកថា ទំនាក់ទំនងរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល​កំពុងជួបភាពតាន​តឹងជាថ្មី បន្ទាប់ពី​សហរដ្ឋអាមេរិក បានចេញ​របាយការណ៍មួយ​កាលពីសប្ដាហ៍មុន ដោយចាត់​ទុកថា លោក ឌូតឺតេ ជាអ្នកគំរាមកំហែង​លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍៕