(ស៊ីដនី)៖ ការសិក្សាថ្មីមួយ​បានបង្ហាញថា បណ្តុំផ្កាថ្ម-ថ្មប៉ប្រះទឹក​ជាច្រើននៅ​លើ​ពិភពលោក អាចនឹងប្រឈមមុខ​​នឹងការបំផ្លិចបំផ្លាញ​នៅ ប៉ុន្មានសតវត្សរ៍ខាងមុខនេះ ដោយសារតែកម្រិត​អាស៊ីត​សមុទ្រ​ ចេះតែបន្តកើនឡើង​ជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមការ​សិក្សាស្រាវជា្រវ​ នៃសាកលវិទ្យាល័យ Australia's Southern Cross ជាមួយដៃគូ​របស់ខ្លួន​នៅសហរដ្ឋ​អាមេរិក កម្រិតអាស៊ីត​ទឹកសមុទ្រ​ កំពុងបន្តកើនឡើង​គួរឱ្យព្រួយបារម្ភ​ ដែលនេះអាច​នឹងធ្វើផ្កាថ្ម និងប្រភេទ​សត្វសមុទ្រ មួយចំនួន​ ទំនងជាអាចនឹង​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់នៅ ៣០ឆ្នាំខាងមុខ។

«ផ្កាថ្មនៅជុំវិញ​ពិភពលោកនឹង​ត្រូវការបំផ្លិចបំផ្លាញ​ នៅពេលទឹក​សមុទ្រឈាន​ដល់ចំណុច​ទទួលរង​ទឹកអាស៊ីត​ខ្ពស់ ដែលទំនង​ជានឹងអាចកើត​មានឡើង​ នៅមុន​បញ្ចប់ សតវត្សរ៍នេះ... ហើយវាមិន​ទាន់រាប់បញ្ចូល​ផលប៉ះពាល់​ បង្កឡើងដោយ​សកម្មភាព​នេសាទ និងសកម្មភាព​របស់មនុស្ស​នោះទេ»។ នេះបើតាម​ការគូសបញ្ជាក់​ពីក្រុមអ្នកសា្រវជ្រាវ​ មកពី​សាកល​វិទ្យាល័យ Australia's Southern Cross។

គួរបញ្ជាក់ថា បើតាមក្រុម​អ្នកស្រាវជា្រវដដែល ប្រជាជាតិទាំងអស់​គួរតែ​រួបរួម​គ្នា​​​ដោះស្រាយ​បញ្ហាបប្រែប្រួល​អាកាស​ធាតុ ក៏ដូចជា​ទប់ស្កាត់​ការកើនឡើង នៃឧស្ម័ន​កាបូនិច ដើម្បីកាត់បន្ថយ​ការកើនឡើង​ នៃអាស៊ីតទឹកសមុទ្រ។

សម្រាប់ប្រទេស​អូស្ត្រាលីវិញ ឧទ្យានធម្មជាតិ​ដ៏ល្បីល្បាញ​បំផុត ដូចជា Great Barrie Reef គឺជាក្តីបារម្ភធំ​បំផុតមួយ សម្រាប់​​ប្រជាជាតិ​អូសេអានីមួយនេះ ដោយសារតែ​កើនឡើងកម្តៅ​​នៃភពផែនដី និងការឡើង​កម្រិតជាតិអាស៊ីតទឹកសមុទ្រ ពិតជានឹង​បង្កផលប៉ះពាល់ មិនត្រឹមតែ​ទៅលើផ្កាថ្មស្អាតៗនោះ​ប៉ុណ្ណោះទេ ដោយឡែក​ជីវៈចំរុះ​នៅ​ទីនោះ ក៏នឹងគេច​មិនផុត​ដែរ៕