(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcom Turnbull) បាន​និយាយ​ថា ចិនមិនមែនជា​ការគំរាមកំហែង​ ចំពោះអូស្ត្រាលី​នោះទេ ពីព្រោះទីក្រុង​ប៉េកាំង​គ្មានបំណងបង្កភាព​ជាសត្រូវ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Malcom Turnbull ថ្លែងបែបនេះ ​នៅក្នុងបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស Sky News កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈលោក​ចាប់ផ្ដើមបំពេញ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ ទៅកាន់​សហរដ្ឋអាមេរិក។​ នាយករដ្ឋមន្ត្រី​រូបនេះ បានគូស​បញ្ជាក់យ៉ាងខ្លី​ដូច្នេះថា «ចិនមិនមែន​ជាការគំរាម​កំហែង​ សម្រាប់យើងនោះទេ ពីព្រោះប៉េកាំង​គ្មានបំណង​បង្កភាព​ជាសត្រូវ»

ដោយឡែកជុំវិញ​ការលើកឡើងនេះដែរ សារព័ត៌មាន​អង់គ្លេស The Guardian បាន​រាយការណ៍ថា លោក Turnbull កំពុងព្យាយាម​បន្ធូរបន្ថយ​ការមើលឃើញចិន​ ជាការ​គំរាមកំហែង​ពីសំណាក់​សហរដ្ឋអាមេរិក តាមរយៈ ការទាត់ចោល​គំនិតដែលថា​ មហាអំណាច​ទំាងពីរកំពុង​ប្រកួត​ប្រជែងគ្នា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់លោក Malcom Turnbull គឺមាន​សារៈសំខាន់​បំផុត ស្របពេល​សហរដ្ឋអាមេរិក និងអូស្ត្រាលី​កំពុងមានភាព​ល្អក់កករបន្តិចបន្តួច​ ជុំវិញបញ្ហា​ជន​អន្តោប្រវេសន៍ រួមទាំងបញ្ហា​នៅក្នុងតំបន់​ជាច្រើន​ត្រូវ​ដោះស្រាយ៕