(តូក្យូ)៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួន​នៅថ្ងៃសុក្រនេះ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងហេតុការណ៍​ផ្ទុះអាវុធមួយ នៅឯទីស្នាក់ការ​សកម្មជនមួយក្រុម ដែលគាំទ្រកូរ៉េខាងជើង នៅក្នុង​សង្កាត់ Chiyoda Ward កណ្ដាល​ទីក្រុងតូក្យូ។ នេះ​បើតាម​សម្តីមន្ត្រីប៉ូលិសជប៉ុន ចុះផ្សាយ​បន្តដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​មន្ត្រីប៉ូលិសជប៉ុនដដែល បុរសពីរនាក់​ត្រូវបានគេជឿជាក់​ថា មកពីក្រុម​​ស្ដាំនិយម បានសម្រុកចូល​ទីស្នាក់ការ​សមាគមប្រជា ជន​កូរ៉េរស់នៅក្នុងប្រទេស​ជប៉ុន ឬគេស្គាល់ ចុងរីយ៉ុន (Chongryon) នៅមុនម៉ោង ០៤៖០០នាទីព្រឹក ហើយបានបើក​ការបាញ់ប្រហារជាច្រើន​គ្រាប់តែម្តង។

គួរបញ្ជាក់ថា នៅពេលភ្លាមៗមិនទាន់​មានសេចក្ដីរាយការណ៍ អំ​ពីជនរងគ្រោះ​នៅឡើយទេ ដោយគ្រាន់តែ​គេដឹងថា បុរសពីរនាក់​ត្រូវបានចាប់​ខ្លួនភ្លាមៗ ដោយប៉ូលិស​ប្រចាំនៅទីស្នាក់ការនៅក្បែរ​នោះតែម្តង៕