(ម៉ូស្គូ)៖ សហ​ស្ថាបនិក​ នៃវិទ្យាសា្ថនគោល​នយោបាយកូរ៉េ លោកស្រី គ្រីស្ទីន អាន (C​hristine Ahn) បានកត់សម្គាល់​ថា បច្ចុប្បន្នដល់ពេលវេលាហើយ​ដែលកូរ៉េទាំងពីរ​ ត្រូវតែបញ្ចប់ជាផ្លូវការ​សង្រ្គាមកូរ៉េ បន្ទាប់ពីមាន​បទឈប់បាញ់​ អស់រយៈពេល ៦៥ឆ្នាំ មកនេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ ឧបទ្វីបកូរ៉េ​នៅ​តែបន្តស្ថិត​នៅ​​ក្នុងស្ថានភាពប្រកាសសង្រ្គាម​ជានិច្ច រហូត​មកទៅ​សព្វថ្ងៃ ដ្បិតទាំង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចុះហត្ថលេខា​ត្រឹមតែបទឈប់បាញ់​ប៉ុណ្ណោះ មិនមែនជា​​សិទ្ធិសញ្ញា​សន្តិភាព​អ្វីនោះទេ។​ ផ្អែកលើ​ស្ថានភាព​បែបនេះ ទើបទីក្រុង​សេអ៊ូល បានសម្រេច​ចិត្តយក​សហរដ្ឋអាមេរិកធ្វើ ជាឆ័ត្រ​នុយក្លេអ៊ែរ​ ដើម្បីការពារការ​វាយប្រហារជាយថា​ហេតុណាមួយ​ ពីកូរ៉េខាងជើង ហើយមិនតែ​ប៉ុណ្ណោះសម្ព័ន្ធមិត្ត​ទាំង​ពីរ តែតែងធ្វើ​សមយុទ្ធយោធា​រួមគ្នា បើទោះជា​មានការព្រមាន ​ពីទីក្រុងព្យុងយ៉ាង​ក៏ដោយ។

ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ Sputnik លោកស្រី C​hristine Ahn បានបង្ហាញ​ការជំទាស់នឹង ការធ្វើ​សមយុទ្ធយោធា​រវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកស្រី​បញ្ជាក់យ៉ាងដូច្នេះថា «យើងគួរតែ​ជំរុញឱ្យរដ្ឋាភិបាល​កូរ៉េខាងត្បូង បញ្ឈប់ការធ្វើ​សមយុទ្ធ​យោធា ហើយស្ដាប់​ប្រជាជន​កូរ៉េទាំងពីរ ដែលចង់ឱ្យ​ប្រជាជាតិ​កូរ៉េផ្សះផ្សា និងរួបរួមគ្នា​ឡើងវិញ»។ លោកស្រី​បន្ថែម​ទៀតថា បច្ចុប្បន្ន គឺជាពេលដែល​សហរដ្ឋអាមេរិកគួរតែ​ដាក់សម្ពាធលើ កូរ៉េខាងត្បូង​ឱ្យបញ្ចប់ជាផ្លូវការ​នូវសង្រ្គាមកូរ៉េ មិនមែនសម្រាប់​តែប្រជាជន​កូរ៉េប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី​ព្រលឹង​នៃប្រជា​ជាតិមួយនេះ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញជាច្រើន ភាពតានតឹងនៅ​លើឧបទ្វីបកូរ៉េ​ អាចផ្ទុះឡើង​សាជាថ្មី នៅក្រោយ​ការបញ្ចប់ ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា​ នៅកូរ៉េខាងត្បូង​នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង សេអ៊ូលធ្វើ​សមយុទ្ធយោធារួមគ្នា​ ប្រចាំឆ្នាំ​ឡើងវិញ។ ម្យ៉ាងវិញ​ទៀត ទីក្រុង​ព្យុងយ៉ាង ក៏បានព្រមាន​ដែរថា​ បើសមយុទ្ធយោធានេះ​កើតឡើង​ពិតនោះ សហរដ្ឋអាមេរិក​ នឹងបានស្គាល់អ្វីថា មីស៊ីលកូរ៉េខាងជើង៕