(វ៉ាស៊ីនតោន)៖ វាមិនមែន​ជារឿងងាយឡើយ ដែលត្រូវច្នៃប្រឌិត​សំលៀកបំពាក់ ពីមួយ​ជំនាន់ទៅមួយជំនាន់ សម្រាប់ក្រុមអវកាសយានិក​របស់អង្គការ NASA ដើម្បីបំពេញ​បេសកកម្មនៅ​ទីអវកាសដ៏លំបាក អាចស៊ូទ្រាំនឹង​គ្រប់កាលៈទេសៈ និងធ្វើឲ្យ​អវកាស​យានិកយើង​មានផាសុខភាព​​នោះ។ នេះបើតាមការ​​ចេញផ្សាយដោយ វែបសាយ​ព័ត៌មាន​អង់គ្លេស Mirror នារសៀល​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ពិតប្រាកដណាស់​​សម្រាប់​អវកាសយានិក ដែលនឹងជិះនៅ​លើ​យាន​អវកាសថ្មី Orion ដែលនឹងបំពេញ​​បេសកកម្ម​សាកល្បង ទៅកាន់ឋាន​​ព្រះច័ន្ទនោះ នឹងមិនលំបាក​ក្នុងការបន្ទោរ​បង់​ទៀតនោះ​ឡើយ ព្រោះថាសំលៀកបំពាក់​​របស់ពួកគេ មានបង្កប់នូវ​បង្គន់តូចមួយ​រួច​ជាស្រេច ដែលអាចធ្វើការ​សម្រួល​កាកសំណល់​ ចេញពីរាងកាយ​ប្រកបដោយ​​ផាសុខភាព។

បច្ចុប្បន្នសំលៀក​បំពាក់​​ខាងលើ កំពុងស្ថិតនៅក្នុង​ការ​អភិវឌ្ឍនៅឡើយ ដើម្បីឲ្យវា​អាច​ប្រើប្រាស់បាន​ ប្រកបដោយ​ប្រសិទ្ធភាព និងជាពិសេសនោះ គឺ​វាអាចផ្ទុក​បាន​កាក​សំណល់​ជាមធ្យម​នៅក្នុងរយៈពេលយូរ។ ជាក់ស្តែង​ឈុតសំលៀកបំពាក់ថ្មី នឹងអាចក្រុម​អវកាសយានិកនីមួយៗ តស៊ូនឹងវាបាន​រយៈពេល ០៦ថ្ងៃ, អាចដកដង្ហើមបាន បូកជាមួយការ​ទទួលទាន​អាហារ និងបន្ទោរបង់នៅ​ក្នុងនោះមួយកំផ្លេ​តែម្តង។

ងាកមកកាន់​យានអវកាស Orion វិញ គឺជាបន្ទប់នៃ​អវកាយានិក​សរុប ០៤នាក់ ដែលពួកគេត្រូវ​មានសមត្ថភាព​រស់នៅ និងសិក្សានៅក្នុងនោះ​រយៈពេលរាប់ខែ-ឆ្នាំ ហើយវាមានគោលដៅ​ធំបំផុត នៅក្នុងការបញ្ជូន​មនុស្សទៅ​ភពអង្គារ នៅឆ្នាំ២០៣០ ជាពេល​អង្គការ NASA បានកំណត់គោលដៅ នៃការនាំក្រុម​មនុស្សដំបូង ទៅជាន់ភពអង្គារ ប៉ុន្តែ​ក្រុមហ៊ុន SpaceX បានកំណត់​គោលដៅមុន​នេះទៀតទៅហើយ។

គួរបញ្ជាក់ថា ដើម្បីអាចឲ្យ​វាធ្វើដំណើរ​ទៅភពអង្គារបាន ប្រកបដោយ​ប្រសិទ្ធភាព និងសុវត្ថិភាព​ខ្ពស់ ១០០% នោះ យាន​អវកាស Orion ត្រូវតែទទួល​ការធ្វើតេស្ត​យ៉ាងលំបាក នោះគឺការហោះហើរ​ទៅកាន់គន្លង​គោចរ​នៃឋានព្រះច័ន្ទ​ ដោយគ្មាន​អវកាសយានិក ដើម្បីឲ្យប្រាកដ​អំពីប្រសិទ្ធភាពនៃប្រព័ន្ធ​​ទំនាក់ទំនង និងសុវត្ថិភាព​ជារួម។ បន្ថែមពី​នេះ​ទៀត ឈុតសំលៀកបំពាក់​អវកាសថ្មី ក៏នឹងក្លាយជា​ប្រយោជន៍ សម្រាប់គំរោង​បញ្ជូនមនុស្ស ទៅជាន់ឋានព្រះច័ន្ទ​ជាថ្មីនោះផងដែរ៕