(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន បានធ្វើការព្រលះ​ប្អូនស្រី​បង្កើត លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដោយ​ហៅថា «សសរស្តម្ភស្នូល» នៃរបបដឹកនាំ​កុម្មុយនិស្ត​កូរ៉េខាងជើង ដែលពោពេញ​ដោយការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​បំផុត។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នាព្រឹក​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ការថ្លែងរបស់​លោក ភែន ខាងលើនេះ ត្រូវបានធ្វើឡើង​នៅចំពោះមុខ​​ប្រជាជន​​អាមេរិក​រាប់ពាន់នាក់ ដែលបានចូលរួមស្តាប់​ការថ្លែងសុន្ទរៈកថា​របស់លោក នៅឯជាយទីក្រុង​វ៉ាស៊ីនតោន។ នៅក្នុងវេទិកាពិភាក្សា​រឿងនយោបាយ​ខាងលើនេះ លោក ភែន បានរៀបរាប់អំពី​ដំណើររបស់លោក ទៅកាន់ពិធីបើកព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា នៅទីក្រុង​ព្យឿងចាង របស់ប្រទេស​កូរ៉េខាងត្បូង។

លោក ភែន បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «អ្នកដឹងទេថា សារព័ត៌មាន​ទាំងអស់ ដូចជា​ទោរទន់​ទៅរកប្អូនស្រីមេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង ហើយខ្ញុំគិតថា វាជារឿង​សំខាន់ដែលប្រជាជន​អាមេរិកត្រូវដឹង ចំពោះ​មនុស្សនេះ និងអ្វីខ្លះ​ដែលនាង​បានធ្វើ។ ប្អូនស្រី លោក គីម ជុងអ៊ុន ម្នាក់នេះ គឺជាសសរ​ស្តម្ភកណ្តាល នៃរបបដឹកនាំ​ដែល​ឃោរឃៅ និងកៀបសង្កត់​បំផុត​នៅលើ​ភពផែនដី»

គួរបញ្ជាក់ថា កិច្ចប្រជុំសម្ងាត់​រវាងកូរ៉េខាងជើង និងអាមេរិក ដែលត្រូវបាន​លុបចោល​នៅនាទីចុង​ក្រោយ ក្រោយពីគ្រោងរៀបចំ​ឡើងនៅកូរ៉េខាងត្បូង​នោះ ត្រូវបាន​​លោក ភែន ទម្លាយចេញ ដោយហាក់ទម្លាក់​កំហុសទាំងស្រុង​ទៅលើ​កូរ៉េខាងជើង ប៉ុន្តែបើតាម​ការវិវឌ្ឍន៍ស្ថានការណ៍​ជាបន្តបន្ទាប់ គឺការលុបចោល​កិច្ចជំនួប​សម្ងាត់នោះ គឺក្រោយ​ពេល​គណៈប្រតិភូកូរ៉េខាងជើង បានដឹងព័ត៌មាន​ថា លោក ភែន បានធ្វើការរិះគន់​របបដឹកនាំ​​កូរ៉េខាងជើង នៅក្នុងដំណើរ​ចូលរួមការបើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិក៕