(អូស្រ្តាលី)៖ លោក បាណាបាយ ហ្សយសេ (Barnaby Joyce) នៅថ្ងៃសុក្រនេះ បាននិយាយថា លោកនឹងលាលែង​ពីតំណែង​ ជាឧបនាយករដ្ឋ​មន្ត្រី​អូស្ត្រាលី ក៏ដូចជាប្រធាន​គណបក្ស​របស់លោក បន្ទាប់ពីជាប់ផុង​ក្នុងរឿងអាស្រូវផ្លូវ​ភេទ ក្រៅអាពាហ៍អិពាហ៍​ជាមួយ អតីតលេខា​ផ្នែកប្រព័ន្ធផ្សព្វផ្សាយ​របស់លោក អស់រយៈពេលជា​ច្រើនសប្ដាហ៍​មកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន លោក Joyce ក៏បានបញ្ជាក់ដែរថា លោកនឹង​លាលែងពី​តំណែងជា​មេដឹកនាំ គណបក្ស​ជាតិ (National party) ដែលជាដៃគូ​នៃរដ្ឋាភិបាល​ចម្រុះ របស់លោក​នាយករដ្ឋមន្ត្រី ម៉ាល់ខូម ធឺនបាល (Malcolm Turnbull) នៅថ្ងៃចន្ទសប្ដាហ៍​ក្រោយ។ ក៏ប៉ុន្តែលោក​ថា​ លោកនឹងបន្តតំណែងនៅ​ក្នុងសភា ដើម្បីរក្សាសំឡេងភាគច្រើននៅសភា ដែល​កំពុងរង្គោះរង្គើ​ររបស់ លោក Turnbull។

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន ក៏មានលេចលឺព័ត៌​មានថា លោក Barnaby Joyce នឹងលាលែងពីតំណែង​ផងដែរ ប៉ុន្តែលោកបាន​បដិសេធ និងអះអាងថា នឹងមិនលាលែង​ពីតំណែង​ឡើយ៕