(គូឡាឡាំពួ)៖ ស្ត្រីម្នាក់​ដែល​ត្រូវបានគេ​ចោទប្រកាន់ថា បានបំពុល​សម្លាប់បងប្រុស​ម្ដាយទីទៃ​ របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ត្រូវបានគេជួល​ឱ្យចូលរួមសម្ដែង​ ក្នុងឈុតឆាកកម្មវិធី​ទូរទស្សន៍បោកបញ្ឆោត​ជាបន្តបន្ទាប់ មុននឹង លោក គីម ជុងណាំ ត្រូវបានសម្លាប់។ នេះបើ​តាមការបញ្ជាក់ពីមេធាវីរបស់ជនជាប់ចោទម្នាក់ ក្នុងចំណោមពីរនាក់ ចុះផ្សាយបន្តដោយ​សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨​។

នាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋ​ឥណ្ឌូណេស៊ី និងស្ត្រីម្នាក់ទៀត​ជាជនជាតិវៀត​ណាម គឺនាង ដ័ន ធីហួង (Doan Thi Huong) ត្រូវបាន អាជ្ញាធរម៉ាឡេស៊ី​ចោទប្រកាន់ថា​ បានប្រើប្រាស់សារធាតុ​គីមីពុល VX ដើម្បីខ្ទប់មុខ​សម្លាប់​លោក គីម ជុងណាំ នៅឯ អាកាស​យានដ្ឋាន​ទីក្រុងគូឡាឡាំពួ​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ប៉ុន្តែស្ត្រីទាំងពីរ​នាក់​បានបដិសេធ ដោយអះ​អាងថា ពួកនាងត្រូវបានគេបោកបញ្ឆោត​ថា ការសម្លាប់ លោក គីម គឺជាការសម្ដែ​ងកម្មវិធីទូរទស្សន៍​តែប៉ុណ្ណោះ ដែល​វាមាន​លក្ខណៈ​កម្មជាវិធីពញ៉ាក់អារម្មណ៍ ពេញនិយមខ្លាំង​នៅតាមបណ្តា​ប្រទេស​ជាច្រើន។

ដោយឡែក ជុំវិញសំណុំ​រឿងនេះដែរ មេធាវីរបស់នាង Aisyah គឺលោក ហ្គូអ៊ី ស៊ូន សេង (Gooi Soon Seng) បានបញ្ជាក់​ប្រាប់តុលាការ​ម៉ាឡេស៊ី កាលពី​ថ្ងៃព្រហស្បតិ៍ថា រូបនាង ត្រូវបានគេបោក​បញ្ឆោតថា​ ការសម្លាប់​លោក គីម គឺជាការសម្ដែង​កម្មវិធី ទូរទស្សន៍ ហើយ​មិនតែប៉ុណ្ណោះមុននឹងការស្លាប់​របស់បងប្រុស​ លោក គីម ជុងអ៊ុន នាង Aisyah ត្រូវគេជួល​ឱ្យសម្ដែង​ក្នុងឈុតឆាកកម្មវិធី​ទូរទស្សន៍​ដូចគ្នានេះ​ជាបន្តបន្ទាប់ នៅតាម​ផ្សារទំនើប និងអាកាសយានដ្ឋាន​ ដើម្បីឱ្យនាងកាន់​តែជឿជាក់​ថា ការសម្លាប់ លោក គីម ជុងណាំ គឺជា​ការ​សម្ដែង។

លោក Gooi បន្ថែមថា កូនក្ដីរបស់​ខ្លួនរូបនេះ​ធ្លាប់បាន​ទទួលប្រាក់ ៤,០០០ ringgit (១,០២៤ដុល្លារ) ពីបុរសម្នាក់​ឈ្មោះ ហុង សងហាច់ (Hong Song Hac) មកពីប្រទេស​កូរ៉េខាងជើង​ ដើម្បីឱ្យរូប​នាងជិះ​យន្ដហោះ​ទីក្រុងម៉ាកាវ ជាទី​ដែល​លោក គីម រស់នៅ ក្នុងគោលបំណង​ឱ្យនាងរៀបចំ​ ឱ្យចូលរួមសម្ដែង​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែលគេប្រឌិត​ឡើង។ ប៉ុន្តែវាត្រូវលុប​ចោល ដោយមិនបាន​បញ្ជាក់ពី​ហេតុផល។

គួររំលឹកថា នាង Siti Aisyah និងនាង Doan Thi Huong ត្រូវបានអាជ្ញាធរ​ម៉ាឡេស៊ី​​ចោទ​ប្រកាន់ថា បានប្រើប្រាស់​សារធាតុ​គីមីពុល VX ដើម្បីខ្ទប់មុខ​សម្លាប់ លោក គីម ជុងណាំ នៅឯ អាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួ​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ដូច្នេះបើសិនជា​គេរកឃើញទោស​កំហុសនោះ ពួក​គេទាំងពីរ​អាចនឹងប្រឈមមុខ​នឹងទោស​ប្រហារ​ជីវិត។

ទាក់ទិន​នឹងឃាតកម្មនេះ​ដែរ​ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទ​ប្រកាន់ថា កូរ៉េខាងជើង​ គឺជាអ្នកនៅ​ពី​ក្រោយការរៀបចំ​ផ្តាច់ជីវិត បងប្រុស​ឪពុកតែមួយ ម្តាយទីទៃ ជាមួយ​លោក គីម ជុងអ៊ុន នេះទាំងស្រុង បើទោះជាទីក្រុងព្យុង​យ៉ាងបដិសេធ​​ម្តង​ហើយ​ម្តងទៀតក៏ដោយ។ អ្វីបន្ថែមពី​រឿងនេះ គឺទំនាក់ទំនងរវាងរដ្ឋាភិបាល​ម៉ាឡេស៊ី និង​ព្យុងយ៉ាង បានបែក​ប្រេះស្រាំខ្ទេចខ្ទី និងមិនទាន់ត្រូវបាន​ស្តារឡើងវិញរួច​នៅឡើយ​នោះទេ៕