(ដាប្លីន)៖ គ្រាន់តែ​រយៈពេល ០៣ខែកន្លងទៅនេះ​ប៉ុណ្ណោះ ប្រជាជនអៀរឡង់​សរុប​ចំនួន ១០២នាក់ ឯណោះ​បាន​បាត់បង់ជីវិត ដោយសារតែការ​រីករាលដាល នៃជំងឺ​ផ្តាសាយ នៅក្នុងប្រទេសដី​កោះ​អៀរឡង់ ស្ថិតនៅក្រោម​ចក្រភពអង់គ្លេស​មួយនេះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់ចំនួនមនុស្ស​ស្លាប់ខាងលើនេះ គឺមានការកើនឡើងគួរ​ឲ្យកត់សម្គាល់ បើគេ​ប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០១៧ ដែលកាល​ណោះ​មនុស្ស ៩៥នាក់ ត្រូវបានជំងឺផ្តាសាយ​ផ្តាច់យកជីវិត។ នេះ​បើតាម​​​របាយការណ៍ចុងក្រោយ ពី​អ្នកគ្រប់គ្រង​សេវាកម្ម​​សុខាភិបាល នៃស្នាប័ន​មួយរបស់​​រដ្ឋាភិបាលអៀរឡង់​​ លោក ខេវិន ឃែលឡេញើ (Kevin Kellenher)។

លោក Kellenher បានបន្ត​ទៀតថា «គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ មកទល់នឹង​ខែកុម្ភៈ​ឆ្នាំ២០១៨នេះ ប្រជាជនសរុប ២,៨៨៩នាក់ បានមកសម្រាកព្យាបាល​នៅមន្ទីរពេទ្យ ដោយក្នុងចំណោមមនុស្សអ្នកមានអការៈធ្ងន់ធ្ងរខ្លាំង ១០២នាក់ បានបាត់បង់អាយុជីវិត»

គួរបញ្ជាក់​តាម​របាយការណ៍​ខាងលើនេះ​ទៀតថា ជាធម្មតានៅរដូវធ្លាក់​ទឹកកក​ខ្លាំង​នៅចុង និងដើមឆ្នាំនៅប្រទេសអៀរឡង់ មនុស្ស​​ជាមធ្យម​ចន្លោះពី ៨០ ទៅ ១២០នាក់ តែងតែស្លាប់​ដោយសារ​ជំងឺផ្តាសាយ ក៏ព្រោះតែពួកគេ​ទាំងនោះ មិនបានមក​ទទួលការព្យាបាល​ឲ្យទាន់ពេល៕