(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមាន​ការបំពាក់អាវុធ ឬអនុញ្ញាត​ឱ្យគ្រូបង្រៀន ​នៅ​ក្នុងសហរដ្ឋអាមេរិកអាចប្រើប្រាស់កាំភ្លើង​ ដើម្បី​ទប់ស្កាត់​ការបាញ់ប្រហារ​នៅក្នុងសាលារៀន ស្របពេល​ប្រជាជន​អាមេរិកកាន់តែ​ច្រើន ស្នើឱ្យសភារឹតបន្តឹង​ការប្រើប្រាស់​កាំភ្លើង ជាពិសេសនៅ​ក្នុងរដ្ឋ​ផ្លូរីដា ដែលទើបតែ​កើត​ហេតុក្តៅៗ​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ការលើក​ឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅ​អំឡុងពេលលោក​ជួបនៅសេតវិមាន កាលពី​ថ្ងៃពុធ​​ជាមួយ អ្នករស់រាន​មានជីវិតពីហេតុការណ៍​ បាញ់ប្រហារ​សម្លាប់មនុស្ស ១៧នាក់ នៅឯវិទ្យាល័យ​មួយកន្លែង​ក្នុងរដ្ឋផ្លូរីដា កាលពី​សប្ដាហ៍មុន។

ថ្លែងនាឱកាសនោះដែរ លោក ត្រាំ បាន​បញ្ជាក់យ៉ាង​ដូច្នេះថា «បើសិនជាគ្រូ​របស់អ្នកមានកាំភ្លើង​នៅក្នុងដៃ ពួក គេអាចនឹងទប់ស្កាត់​ការវាយប្រហារ​ទាន់​ពេលវេលា»។ លើសពីនេះ​ទៅទៀត ប្រធានាធិបតី​អាមេរិករូបនេះ​ ក៏បាន​អះអាង ដែរថា ២០ភាគរយ នៃគ្រូបង្រៀន​នៅតាម​សាលានានា គួរតែត្រូវបាន​បណ្ដុះបណ្ដាល​ពីរបៀបប្រើបា្រស់​ និងលាក់​កាំភ្លើង។

ប៉ុន្តែយ៉ាង​ណាក៏ដោយ លោក ដូណាល់​ ត្រាំ បានសន្យា​​យ៉ាងមុតមំា​ថា​ នឹងត្រួតពិនិត្យ​ជីវប្រវត្តិ និងបញ្ហាផ្លូវចិត្ត​របស់​អ្នកទិញ​កាំភ្លើង​ នៅក្នុង​​សហរដ្ឋអាមេរិក។ កាលពី​សប្ដាហ៍​មុន ខ្មាន់កាំភ្លើង​ឈ្មោះ នីកូឡាស គ្រូស (Nikolas Cruz) មានអាយុ ១៩ឆ្នាំ បានបាញ់ប្រហារ​​សម្លាប់​មនុស្ស ១៧នាក់ នៅឯ​វិទ្យាល័យ Marjory Stoneman Douglas នៅឯទីក្រុង ផាកឡេនដ៍ (Parkland) ក្នុង​រដ្ឋផ្លូរីដា​ហើយដែល​នេះ​ គឺជាការបាញ់​ប្រហារ​ក្នុងសាលារៀន​​សម្លាប់មនុស្ស​ច្រើន​ជាង​គេបំផុតទី ២ នៅក្នុងប្រវតិ្តសាស្ត្រ​​អាមេរិក។ សាធារណៈមតិ​​ជាច្រើន បានទាមទារឲ្យ​ប្រហារ​ជីវិតជន​​ឈ្មោះ Cruz នោះទោះ​បីជា​រូបគេ​ បាន​សារភាព និងទទួលកំហុស​​ដែលខ្លួនបាន​ប្រព្រឹត្ត​​ក៏ដោយ៕