(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការបាក់ដី​​នៅកោះជ្វាប្រទេស​​ឥណ្ឌូណេស៊ី បានផ្តាច់ជីវិត​​មនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួន​ក្រោមល្បាប់​ភក់ និង ១៤នាក់រងរបួស៕

២៖ ក្រុមអ្នកបុរាណ​វិទ្យាចិន បានរកឃើញសំណល់​ទីក្រុង​បុរាណមួយ នៅភាគខាងជើង​តំបន់ស្វយ័ត​ម៉ុងហ្គោលីរបស់ ចិន (ភាគឦសានប្រទេស) ដែលគេជឿជា​ក់ថា មានអាយុកាលជាង ២,០០០ឆ្នាំកន្លងមកហើយ៕

៣៖ ឥណ្ឌាបាន​បាញ់សាកល្បងដោយ​ជោគជ័យទាំងយប់ នូវមីស៊ីលមាន​សមត្ថភាពបំពាក់​អាវុធនុយក្លេអ៊ែរ Prithvi-II ចេញពីទីតាំង​ធ្វើតេស្ដ មួយកន្លែងស្ថិត​នៅរដ្ឋ អូឌីសា (Odisha) ស្ថិតនៅភាគខាង​កើត នៃប្រទេស៕

៤៖ មជ្ឈមណ្ឌល​តាមដានគ្រោះរញ្ជួយដី​ចិន (CENC) បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍​នេះថា គ្រោះរញ្ជួយដី​កំរិត ៤.៩រ៉ិចទ័រ​ បានវាយប្រហារ​លើតំបន់ដែនសមុទ្រនៃ​ខេត្ត ហ័រលៀន ( Hualien) ភាគខាងកើតកោះតៃវ៉ាន់៕

៥៖ ទីក្រុងស៊ីវិល័យ​របស់​សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះ​ជាទីក្រុង​ដ៏កខ្វក់ជាងគេ​បង្អស់នៅក្នុងប្រទេស ដោយសារតែ​មានវត្តមាននៃសត្វចង្រៃ​ និងសំរាមច្រើន​ជាងកន្លែងណាៗទាំងអស់ នៅទូទាំង​សហរដ្ឋអាមេរិក៕

៦៖ ការស្ទង់មតិ​មួយចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួល​បានសំឡេង​គំាទ្រ​ជិត ៧០ភាគរយ ពីប្រជាជន​រុស្ស៊ី សម្រាប់ការ​បោះឆ្នោត​​ជ្រើសរើស​​ប្រធានាធិបតី​ នៅខែ​ក្រោយ​នេះ ដែលវាជា​សញ្ញា​បង្ហាញ​យ៉ាងច្បាស់ លោក ពូទីន នឹងអាចបន្ត​ដឹកនាំ​រដ្ឋាភិបាល​រុស្ស៊ី​នាអាណត្តិ​ក្រោយ​ទៀត៕