(ហ្សាការតា)៖ ការបាក់ដី​​នៅកោះជ្វាប្រទេស​​ឥណ្ឌូណេស៊ី បានផ្តាច់ជីវិត​​មនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួន​ក្រោមល្បាប់​ភក់ និង ១៤នាក់រងរបួស។ នេះបើតាមការ​ចេញផ្សាយព័ត៌មានដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ សេចក្តីរាយការណ៍​ដំបូងបានឲ្យដឹងថា គ្រោះ​​រអិលបាក់ដី បានវាយប្រហារ​លើស្រុក ប្រេបេស (Brebes) នៃភាគកណ្ដាល​កោះជ្វាស្ថិតនៅ ភាគខាងលិច​នៃប្រទេស ។

យោងតាមអ្នកនាំ​ពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) គ្រោះរអិលបាក់​ដីខាងលើបាន​កើតឡើងនៅក្នុង​ភូមិ ផាស៊ឺ ផាន់ចាង (Pasir Panjang) នៅពេលដែល​ជនរងគ្រោះកំពុង​ធ្វើស្រែ ក្បែរ​ជម្រាល​កូនភ្នំមួយ។ បើតាមទិន្ន័យ​ចុងក្រោយ មនុស្ស ០៥នាក់បានស្លាប់, ១៥បាត់​ខ្លួន ឬកំពុងកប់​នៅក្រោម​គំនរ​ដីភក់ ហើយមនុស្ស ១៤នាក់ផ្សេង​ទៀតត្រូវបាន​ជួយសង្រ្គោះ ប៉ុន្តែពួកគេម្នាក់ៗ​​សុទ្ធតែមាន​របួស។

គួរបញ្ជាក់ថា មកទល់​ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរក​​អ្នកបាត់ខ្លួន ដោយមានការ​ចូលរួមពីយោធា និងអ្នក​ស្ម័គ្រចិត្ត​ជាច្រើន​នាក់៕