(ម៉ូស្គូ)៖ ការស្ទង់មតិ​មួយចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួល​បានសំឡេង​គំាទ្រ​ជិត ៧០ភាគរយ ពីប្រជាជន​រុស្ស៊ី សម្រាប់ការ​បោះឆ្នោត​​ជ្រើសរើស​​ប្រធានាធិបតី​ នៅខែ​ក្រោយ​នេះ ដែលវាជា​សញ្ញា​បង្ហាញ​យ៉ាងច្បាស់ លោក ពូទីន នឹងអាចបន្ត​ដឹកនាំ​រដ្ឋាភិបាល​រុស្ស៊ី​នាអាណត្តិ​ក្រោយ​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មា​នចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមការស្ទង់មតិ ធ្វើឡើងដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវមតិ​សាធារណៈរុស្ស៊ី ៦៩.៥ភាគរយ នៃអ្នកត្រូវបាន​សាកសួរ​បានឆ្លើយថា ពួកគេនឹងបោះ​ឆ្នោតឱ្យ​លោក ពូទីន ខណៈគូប្រជែង​ដ៏សំខាន់របស់លោក​ មកពីគណបក្ស​កុម្មុយនីស្ដ Pavel Grudinin ទទួលបានសំឡេង​គាំទ្រ ៧.៥ភាគរយ។

ការស្ទង់មតិនេះ​ត្រូវបានធ្វើឡើង​ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ តាម​រយៈការសាកសួរ​ប្រជាជនរុស្ស៊ី ៧,០០០នាក់ ជាលក្ខណៈថ្នាក់ជាតិ​តាមទូរស័ព្ទដៃ ហើយអ្នកឆ្លើយ​សំណួរ​ត្រូវគេសួរថា បើសិនជាការ​បោះឆ្នោត​ប្រធានាធិបតី​ ចូលមកដល់នៅថ្ងៃអាទិត្យ​ក្រោយ តើអ្នកនឹង​បោះឆ្នោត​ឱ្យអ្នកណា?

គួរបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី គ្រោងនឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១៨ ខែមីនា ហើយលោក ពូទីន ​ត្រូវបានគេរំពឹងថា ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ដោយទទួល​បានសំឡេងគាំទ្រ​ភ្លូកទឹក​ភ្លូកដី៕