​(ញូដេលី)៖ ឥណ្ឌាបាន​បាញ់សាកល្បងដោយ​ជោគជ័យទាំងយប់ នូវមីស៊ីលមាន​សមត្ថភាពបំពាក់​អាវុធនុយក្លេអ៊ែរ Prithvi-II ចេញពីទីតាំង​ធ្វើតេស្ដ មួយកន្លែងស្ថិត​នៅរដ្ឋ អូឌីសា (Odisha) ស្ថិតនៅភាគខាង​កើត នៃប្រទេស។ នេះបើតាមការ ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៨។

យោងតាមក្រុម​មន្ត្រីឥណ្ឌា មីស៊ីលខាងលើ​ដែលមានរយៈចំងាយ​បាញ់ប្រហារ ៣៥០គីឡូម៉ែត្រ ត្រូវបានបាញ់​សាកល្បង ដោយទីបញ្ជាការ​កងកម្លាំងយុទ្ធសាស្ត្រ​ឥណ្ឌា នៅម៉ោង​ប្រមាណជា ៨៖៣០នាទីយប់ កាលពី​ថ្ងៃពុធ។ បន្ថែម​ពីលើនេះ មីស៊ីលនេះ ទទួលបានជោគជ័យ​ក្នុងការ​សាកល្បង ដោយវាអាចបាញ់​ចំគោលដៅដែល​បានកំណត់។

គួរបញ្ជាក់ថា បើតាមយោធា​ឥណ្ឌា មីស៊ីល Prithvi-II មានទម្ងន់ ៤,៦០០គីឡូក្រាម និងមានសមត្ថភាព​ដឹកក្បាលគ្រាប់ មានទម្ងន់ពី ៥០០ ទៅ ១,០០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះ​ទៀតសោត កើតមានឡើងបន្ទាប់​ពីឥណ្ឌាធ្វើតេស្ដ​ជោគជ័យ ជាបន្តបន្ទាប់​នូវ​មីស៊ីល Agni-V, Agni-II និង Agni-I នៅក្នុង​ឆ្នាំ២០១៨នេះ៕