​(ញូយ៉ក)៖ អតីតអគ្គលេខាធិការ​ នៃអង្គការសហប្រជាជាតិ (UN) លោក បាន គីនមូន បាន​និយាយថា ស្ថាប័នកំពូលអន្តរជាតិមួយនេះ ​បានទទួលជោគជ័យយ៉ាង​ធំធេង​ ក្នុងការរារាំងមិនឱ្យ​សង្រ្គាមលោក​កើតឡើងជាថ្មី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៨។

លោក បាន ធ្វើការកត់​សម្គាល់​បែបនេះ នៅអំឡុង​ចូលរួមប្រជុំនៅ​ឯក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ស្ដីពីធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ថែរក្សា​​សន្តិភាព និងសន្តិសុខ​អន្តរជាតិ។ លោក បាន គីមូន បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «គ្មានអង្គការ​សហប្រជាជាតិ សហគមន៍​អន្តជាតិ​ មិនអាចទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​មិនឱ្យសង្រ្គាម​លោក ផ្ទុះឡើងជាថ្មី​នោះឡើយ នារយៈពេល​ជាង ៧០ឆ្នាំមកនេះ»

ទន្ទឹមគ្នានេះដែរ អតីតអគ្គលេខាធិការ​ជនជាតិ​កូរ៉េខាងត្បូងរូបនេះ ក៏បាន​សង្កត់ធ្ងន់​ដែរថា ការចូលរួមពី​គ្រប់ទិសទី​ ដើម្បីរក្សាសន្តិភាពពិភពលោក និងសន្តិសុខ​ គឺត្រូវការចំាបាច់​ជាងពេល​ណាៗទាំងអស់នាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា បើតាម​លោក បាន គីមូន អង្គការ​សហប្រជាជាតិ បានចូលរួមចំណែក​យ៉ាងធំធេង ដើម្បីកាត់​បន្ថយភាពក្រីក្រ លើកកម្ពស់​សុខភាព​សាធារណៈ និងវិស័យ​អប់រំ។ ដោយឡែកកិច្ចប្រជុំស្ដីពី​ធម្មនុញ្ញអង្គការ​​សហប្រជាជាតិ ត្រូវបានធ្វើ​ឡើងចាប់ តាំងពី​ឆ្នាំ២០១៥​មកម្លេះ ដើម្បីពិនិត្យ​ពីស្ថានការណ៍​សន្តិភាព នៅទូទាំង​សកលលោក៕