(ម៉ុងតេនេក្រូ)៖ ​រដ្ឋាភិបាល​ម៉ុងតេនេក្រូ (Montenegro) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្សមិនស្គាល់​អត្តសញ្ញាណ​ម្នាក់ បានចោល​គ្រាប់បែកដៃមួយ​គ្រាប់ ចូលបរិវេណស្ថាន​ទូតអាមេរិក ប្រចាំទីក្រុង ផដហ្កូរីកា (Podgorica) មុននឹងរូប គេចុចបំផ្ទុះគ្រាប់​សម្លាប់​ខ្លួនឯង។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​ជាភាសាអង់គ្លេស​បង្ហោះនៅលើ Twitter រដ្ឋាភិបាល​ម៉ុងតេនេក្រូ បានបញ្ជាក់​ទៀតថា នៅ ពាក់កណ្ដាល​យប់ឈានចូល​ថ្ងៃព្រហស្បតិ៍នេះ មនុស្សមិនស្គាល់​អត្តសញ្ញាណ​ម្នាក់ បានបំផ្ទុះគ្រាប់​បែកអត្តឃាត ប៉ុន្តែមុន​នោះ ​​រូបគេក៏បានចោល​គ្រាប់បែកដៃមួយគ្រាប់​ ចូលក្នុងបរិវេណស្ថានទូត​អាមេរិក​ផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗពុំទាន់មាន​​សេចក្ដីរាយកាណ៍​​លម្អិតអ្វីនោះទេ ខណៈក្រុមអ្នក​ស៊ើបអង្កេត​ កំពុងកំណត់អត្តសញ្ញាណ​ជនសង្ស័យ រីឯស្ថានទូតអាមេរិក បានចេញសេចក្ដីព្រមាន​ឱ្យពលរដ្ឋរបស់ខ្លួន​ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព​នៅក្នុងប្រទេស​ភាគខាងត្បូងទ្វីបអឺរ៉ុប​មួយនេះ៕