(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បានប្រកាស​ឲ្យដឹងនា​ថ្ងៃព្រហស្បតិ៍​នេះថា ប្រទេស​កូរ៉េខាងជើង នឹងបញ្ជូនគណៈ​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម ឲ្យមកចូលរួម​ ពិធីបិទព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​រដូវរងា​លើកទី ២៣ ដែលបាន​និងកំពុងបន្តប្រព្រឹត្ត​​ទៅក្នុងទីក្រុង ព្យឿងចាង (PyeongChang) ភាគខាងកើត​នៃប្រទេស​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន​ហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២២​ ខែកុម្ភៈ ឆ្នាំ២០១៨។

គណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង​ ដែលមាន​សមាជិក ០៨រូប ត្រូវគេ​រំពឹងថា នឹងធ្វើដំណើរមកដល់​រដ្ឋធានី​សេអ៊ូល នាថ្ងៃអាទិត្យ​​ចុង​សប្តាហ៍នេះ សម្រាប់​រយៈពេល ០៣ថ្ងៃ ដើម្បីចូលរួមពីធី​បិទការប្រកួតកីឡា​អូឡាំពិក នៅល្ងាចថ្ងៃដដែល ក្រោមការដឹកនាំ​របស់ លោក គីម យ៉ុងចុល (Kim Yong-chol) ប្រធាននាយកដ្ឋាន​ដ៍សំខាន់មួយ នៃគណបក្ស​កាន់អំណាចទីក្រុង​ព្យុងយ៉ាង និងជាអតីត​ប្រធាន​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់របស់កូរ៉េខាងជើង។

គួរជម្រាបថា បើតាមការបង្ហើប​ឲ្យដឹងពីមន្រ្តីនៅវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ជឹង វ៉ាដេ (Cheong Wa Dae) លោក មូន ជែអ៊ីន ក៏ទំនង​ជា​នឹង​ជួបស្វាគមន៍ក៏​ដូចជាបើកកិច្ចពិភាក្សា​ផ្លូវការជាមួយ ​ក្រុមមន្រ្តីជាន់​ខ្ពស់កូរ៉េខាងជើង​ផងដែរ៕