(ញូយ៉ក)៖ ទីក្រុងស៊ីវិល័យ​របស់​សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះ​ជាទីក្រុង​ដ៏កខ្វក់ជាងគេ​បង្អស់នៅក្នុងប្រទេស ដោយសារតែ​មានវត្តមាននៃសត្វចង្រៃ​ និងសំរាមច្រើន​ជាងកន្លែងណាៗទាំងអស់ នៅទូទាំង​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ត្រួត​ពិនិត្យ​​មួយទៅលើទិន្នន័យ​រដ្ឋាភិបាល ដោយក្រុមហ៊ុន​សម្អាតអនាម័យ Busy Bee ដកស្រង់ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

របាយការណ៍​ដែលទើបចេញផ្សាយ​ខាងលើនេះ បានធ្វើការចាត់ថ្នាក់​ទីក្រុងចំនួន ៤០ នៅទូទាំង​សហរដ្ឋអាមេរិក ដោយផ្អែកទៅលើ​ទិន្នន័យស្តី​ពីសត្វចង្រៃ និងសំរាម ពីទីភ្នាក់ងារវាយតម្លៃ​លំនៅឋានអាមេរិក, ទិន្នន័យស្តីពីការបំពុលខ្យល់​ ពីទីភ្នាក់ងារគាំពារ​បរិស្ថាន​អាមេរិក, និងការប៉ាន់ប្រមាណ​ចំនួនប្រជាជន​ ពីការិយាល័យកិច្ចការ​ជំរឿនរបស់​សហរដ្ឋអាមេរិក។ ក្រោយឆ្លងកាត់​ការវាយ​តម្លៃ​ក្រុង​ញូយ៉ក ដែលមានឈ្មោះ​ហៅក្រៅថា «Big Apple» បានឈរនៅ​តំណែង​កំពូលទី ១ ជាមួយពិន្ទុ ៤២៧.៩ នៅក្នុងសន្ទស្សន៍​​នៃភាព​កខ្វក់របស់​ក្រុមហ៊ុន Busy Bee ខណៈទីក្រុង​ឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា ឈរនៅលេខ២ ជាមួយពិន្ទុ៣១៧.៨។

គួរជម្រាបថា បើតាមរបាយការណ៍​ដដែល​កាលពីឆ្នាំមុន​ គេសង្កេតឃើញថា ផ្ទះសម្បែង​ប្រមាណ ៩០៤,០០០ខ្នង នៅទីក្រុង​ញូយ៉ក​​​មានសំរាមពាសពេញ​លើផ្លូវដែលនៅ​ក្បែរខាង ហើយលំនៅឋាន​ជិត ២.៣​លានខ្នង សុទ្ធតែធ្លាប់ឃើញ​មានសញ្ញា​នៃសត្វកណ្តុរ និងសត្វ​កន្លាត​ជាដើម៕