(ម៉ូស្គូ)៖ សហរដ្ឋ​អាមេរិក​បានព្យាយាមលូកដៃ ​ចូលក្នុងកិច្ចការបោះឆ្នោត​ប្រធានាធិបតី​ នៃបណ្ដា​ប្រទេស​ដទៃ ៨១ដង នៅចន្លោះ​ពីឆ្នាំ១៩៤៦ និង​ឆ្នាំ២០០០។​ ប៉ុន្តែនេះមិនរាប់​បញ្ចូលការធ្វើ​រដ្ឋប្រហារ និងការចូល​រួមផ្លាស់ប្ដូរ​របបស្របច្បាប់ របស់មេដឹកនាំ​ជាប់ឆ្នោតតាមបែបលិទ្ធិ​ប្រជាធិបតេយ្យ ដែលទីក្រុងវ៉ាស៊ីនតោន​មិនចូលចិត្ត​នោះទេ។ នេះ​បើតាម​ការបញ្ចេញ​របាយការណ៍​សម្ងាត់មួយ ​ដោយ​ Los Angeles Times ដកស្រង់​ដោយ​​សារព័ត៌មាន Russian Today នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បាននាំចេញលិទ្ធិប្រជាធិបតេយ្យ​រាប់តោន ទៅបរទេសចាប់​តាំងពី​ឆ្នាំ២០០០មក តាមរយៈការ​បណ្ដុះ​បណ្ដាល និងគំាទ្រដល់​ក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល​ដែលខ្លួន​យល់ថា ជាមេគ្រោះបំផ្លាញ​លិទ្ធិប្រជាធិបតេយ្យ និងរំលោភ​សិទ្ធិមនុស្ស។ ប៉ុន្តែទន្ទឹមគ្នា ការលូកដៃរបស់​សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការផ្ទៃ​ក្នុងប្រទេសដទៃ ភាគច្រើន​ត្រូវបាន គេមើលឃើញថា បានជះផល​អវិជ្ជមាននឹកស្មាន​មិនដល់​ សម្រាប់ប្រជាជន​នៃប្រទេស​ទំាងនោះ។ ជាឧទាហរណ៍ដូចជា នៅ លីប៊ី ស៊ីរី និងអ៊ីរ៉ាក់ ជាឧទាហរណ៍ដ៏ច្បាស់ក្រឡែត។

ដោយឡែក ជុំវិញភាពចម្រូងចម្រាស់​នេះដែរ លោក ចន ហ្គន (Jon Gaunt) ដែលជាអ្នកអត្ថាធិប្បាយជាប្រចាំ នៅក្នុងវិទ្យុ BBC Radio 2 នៅក្នុងកម្មវិធី Jeremy Vine Show ដ៏ល្បីល្បាញនោះ បានថ្លែងប្រាប់សារព័ត៌មាន​រុស្ស៊ី Russian Today ថា សហរដ្ឋអាមេរិក បានលូកដៃ​ក្នុងកិច្ចការផ្ទៃក្នុង​ប្រទេសដទៃ ច្រើន​ជាងអ្វីដែល​រុស្ស៊ីបាន​ធ្វើ។ លោក​បានបញ្ជាក់​បន្ថែម​​យ៉ាងដូច្នេះថា «វាជារឿងមិនសមហេតុផល​ទាល់តែសោះ... យើងគួរតែសួរ​ប្រជាជនលីប៊ី​ថា តើពួកគេ សប្បាយចិត្ត ឬទេ ចំពោះការ​លូកដៃ​ពីសំណាក់​សហរដ្ឋអាមេរិក​ ចូលក្នុងកិច្ចការ​ផ្ទៃក្នុងប្រទេស​របស់​ពួកគេ»

ងាកទៅកាលពី​សប្ដាហ៍មុនវិញ អតីត​នាយក​ទីភ្នាក់ងារ​​ស៊ើបការ​ណ៍​​​សំងាត់​អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បានទទួល​ស្គាល់​​ដោយឥត​លាក់លៀម​ថា សហរដ្ឋអាមេរិក​បាន និង​កំពុងជ្រៀតជ្រែក​​ក្នុងកិច្ចការ​បោះឆ្នោត ​នៃបណ្ដា​​ប្រទេសដទៃ តែថា​វាធ្វើឡើងដើម្បី​ផលប្រយោជន៍​លិទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ ប៉ុន្តែ​អតីត​មន្ត្រី​ជាន់ខ្ពស់​សម័យលោក បៀន គ្លីនតុន រូបនេះ​ មិនបានលើក​យកលទ្ធផល​ជាក់ស្តែង ដូចជានៅអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងប្រទេសមួយ​ចំនួនទៀត មកធ្វើឧទាហរណ៍​នោះ​ឡើយ។

មួយវិញទៀត ពិភពលោកបានមើលឃើញ​រឹតតែច្បាស់ថា ការលូកដៃរបស់អាមេរិក បានចូល​រួមបង្អាក់ ដំណើរអភិវឌ្ឍន៍ប្រទេសដទៃ នៅក្រោយពេល​របបដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi​) ដួលរំលំ ហើយការរីកចំរើន​រាប់ទសវត្សរ៍​របស់លីប៊ី ក្នុងនាមជាសេដ្ឋីប្រេងមួយដែរ​លើលោកនោះ ក៏បានស្លាប់​ទៅ​ជាមួយមេដឹក​នាំរូបនេះ​​ផងដែរ។ បច្ចុប្បន្ន លីប៊ីត្រូវខ្ទេចខ្ទាំ​សេដ្ឋកិច្ច ទាំងហេដ្ឋា​រចនាសម្ព័ន្ធ ឬអាចនិយាយ​បាន លីប៊ីនៅពេលនេះបានធ្លាក់​ដល់បាត បើធៀបទៅនឹងលីប៊ី​ក្រោមការដឹកនាំ​របស់ លោក Gaddafi ដែល សហរដ្ឋអាមេរិក​ហៅថា មេដឹកនាំផ្ដាច់ការ និងរំលោភ​សិទ្ធិមនុស្ស។

សរុបសេចក្តីមក ចំណុចសំខាន់ជារួមនៅក្នុងរបាយការណ៍ ដែលត្រូវបាន​ដកស្រង់យកតែ​ចំណុច​សំខាន់​នោះ គឺជាការបង្ហាញការគាំទ្រ​ទៅដល់នយោបាយ​អាមេរិកទៅវិញ ដែលចង់សាបព្រួស​លទ្ធិប្រជាធិបតេយ្យ​របស់ខ្លួន ទៅគ្រប់ទិសទី​លើលោក តាមរយៈ​នយោបាយ​លូកលាន់កិច្ចការបោះឆ្នោត​ប្រទេសដទៃ ដោយមិនខ្វល់ថា នឹងអាចបង្កបញ្ហា​ធ្ងន់ធ្ងរនោះ​ឡើយប្រសិនបើវាបរាជ័យ ប្រសិនបើវាបរាជ័យ ហើយទង្វើ​បែបនេះ គឺត្រូវបានចាត់ទុកថា ជារឿងស្របច្បាប់​សម្រាប់រដ្ឋបាលអាមេរិក​គ្រប់ជំនាន់ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺដូចបណ្តា​ប្រទេសដ៏អភ័ព្វ​មួយចំនួន ដែលត្រូវបាន​លើកឡើងខាង​លើនេះឯង៕