(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បានសន្យា​យ៉ាងមុតមំា​ថា នឹងត្រួតពិនិត្យ​ជីវប្រវត្តិ និងបញ្ហាផ្លូវចិត្ត​របស់អ្នកទិញកាំភ្លើង​ នៅក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពីមាន​ហេតុការណ៍បាញ់​សម្លាប់មនុស្ស ១៧នាក់ នៅសាលា រៀនមួយកន្លែង​ក្នុងរដ្ឋផ្លូរីដា កាលពី​សប្ដាហ៍មុន ដែលនាំឲ្យកំហឹងពលរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោល​ឡើង ជុំវិញ​ការគ្រប់គ្រង​អាវុធ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។ 

ជុំវិញការបាញ់​ប្រហារ​នេះដែរ អ្នករស់រានមានជីវិត​ពីហេតុការណ៍នេះ បាននាំគ្នា​​ធ្វើដំណើរ​ទៅ​កាន់ទីក្រុង តាឡាហាស់ស៊ី (Tallahassee) នៃរដ្ឋផ្លូរីដា ដើម្បី​ទាមទារ និងដាក់សម្ពាធ​ឱ្យក្រុមតំណាង​រាស្ត្រអាមេរិក​ ធ្វើកំណែទម្រង់​ ក៏ដូចជារឹតបន្តឹង​លើច្បាប់​គ្រប់គ្រង​អាវុធ។ សិស្ស​សាលាជាង ១០០នាក់ នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើដំណើរ​ទៅដល់​ទីក្រុង Tallahassee តែប៉ុន្មាន​ម៉ោង ប៉ុណ្ណោះ ក្រោយក្រុម​តំណាងរាស្ត្រ​ប្រចាំរដ្ឋ ច្រានចោល​បម្រាមលើការប្រើប្រាស់​កាំភ្លើង ដូចដែលខ្មាន់​កាំភ្លើង​បានប្រើប្រាស់​ក្នុងវាយប្រហារនោះ។

គួររំលឹកថា កាលពី​សប្ដាហ៍មុន ខ្មាន់កាំភ្លើង​ឈ្មោះ Nikolas Cruz មានអាយុ ១៩ឆ្នាំ បានបាញ់ប្រហារ​សម្លាប់​មនុស្ស ១៧នាក់ នៅឯវិទ្យាល័យ Marjory Stoneman Douglas នៅឯទីក្រុង Parkland ក្នុងរដ្ឋផ្លូរីដា ហើយដែលនេះ​គឺជាការបាញ់ប្រហារ​ក្នុងសាលារៀន​សម្លាប់មនុស្សច្រើន​ជាងគេបំផុតទី២ នៅក្នុងប្រវតិ្តសាស្ត្រ​អាមេរិក។ សាធារណៈមតិ​ជាច្រើន បានទាមទារឲ្យ​ប្រហារជីវិតជន​ឈ្មោះ Cruz នោះ ទោះបីជារូបគេ​បាន​សារភាព និងទទួលកំហុស​ដែលខ្លួនបាន​ប្រព្រឹត្ត​ក៏ដោយ៕