(អង់ការ៉ា)៖ អ្នកនាំពាក្យ​ប្រធានាធិបតីតួកគី បានអានសេចក្តីថ្លែងការណ៍មួយ ដោយ​បដិសេធ​សំណើ​របស់រដ្ឋាភិបាល​រុស្ស៊ី ដែលអំពាវនាវឲ្យទីក្រុង​អង់ការ៉ា និងទីក្រុង​ដាម៉ាស់ (ស៊ីរី) អង្គុយចុះ​​ចរចា​គ្នា ជុំវិញអន្តរាគមន៍​យោធាតួកគី ដែលកំពុងប្រព្រឹត្ត​ទៅ​ក្នុងតំបន់ Afrin នៃព្រំដែនស៊ីរី​នៅឡើយ ដែលនាំឲ្យ​មនុស្សជាច្រើន​រយនាក់​បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី លោក តាយយីព អឺដូហ្កាន់ បានឲ្យ​ដឹងថា «ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់របស់​តួកគី និងស៊ីរី គឺនៅតែ​មាន​ទំនាក់ទំនង​គ្នា ប៉ុន្តែនៅក្នុងពេល​វេលាដែលអាច​ធ្វើទៅបាន។ ដោយឡែក​កិច្ចចរចា​កម្រិតនយោបាយ​ជាន់ខ្ពស់ រវាង​ទីក្រុងអង់ការ៉ា និងដាម៉ាស់ ដូចជាមិនគួរលើកយកមក​និយាយ​នោះឡើយ»។ ​នេះជា​ការឆ្លើយតបទៅ​នឹង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ដែលអំពាវនាវ​ឲ្យប្រទេសជិត​ខាង​ទាំងពីរ អង្គុយ​ចុះចរចាគ្នា ជុំវិញប្រតិបត្តិការ​យោធា​​តួកគី ចូលមក​កាន់តំបន់ Afrin ទឹកដីស៊ីរី ដើម្បីកម្ទេច​ក្រុមឃើដ YPG ដែលទីក្រុង​អង់ការ៉ា​ចោទថា ជាក្រុម​ភេរវករ។

គួរបញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រតិបត្តិការ​យោធាតួកគី​​នៅតំបន់ Afrin នៅតែបន្តនៅឡើយ​គិតចាប់តាំងពីខែមករា​មកម្ល៉េះ ហើយគិតមក​ទល់នឹងពេលនេះ មនុស្សរាប់រយនាក់​ហើយ​ត្រូវបាន​សម្លាប់ ក្នុងនោះ​ភាគច្រើនបំផុត​ជាកន្លងកម្លាំង​របស់​ក្រុមឃើដ។ មិនត្រឹមតែ​រុស្ស៊ីទេ ដែលប្រឆាំងនឹង​ប្រតិបត្តិការនេះ ដោយសូម្បីអាមេរិក​ក៏បានបង្ហាញ​ជំហរជំទាស់​ជាច្រើនដង​មកហើយដែរ៕