(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា សម្ព័ន្ធភាពបច្ចុប្បន្ន​ជាមួយ​សហរដ្ឋអាមេរិក គឺមានភាពរឹងមំា​លើសពេលណាៗទាំងអស់ ខណៈរូបលោក​កំពុងស្ថិតនៅ​ក្នុងការពិចារណាថា​ គួរឬមិនគួរ​បំពេញទស្សន កិច្ចទៅកាន់​កូរ៉េខាងជើង តាមការអញ្ជើញ​របស់លោក គីម ជុងអ៊ុន នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន ធ្វើការកត់​សម្គាល់​បែបនេះ ស្របពេល​រដ្ឋាភិបាលរបស់​លោក​ កំពុងប្រឈមមុខ​នឹងសំណួរជាច្រើនពី ក្រុមអ្នក​តំណាងរាស្ត្រថា​ មានការខ្វែង​គំនិត ឬមានភាពរឹងមំា​យ៉ាងណាជាមួយ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធនឹង​កិច្ចខិតខំប្រឹង ប្រែងដើម្បី​បញ្ចុះបញ្ចូល​ឱ្យកូរ៉េខាងជើង ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។

តែទោះជា​យ៉ាងនេះក្ដី ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Monocle ចេញផ្សាយនៅ​ថ្ងៃព្រហស្បតិ៍នេះ លោក មូន បានលើក​ឡើងដូច្នេះថា «ប្រធា​នាធិបតី ត្រាំ បាន​និយាយថា ខ្ញុំអាចប្រាប់​គាត់នៅពេល​ណាក៏បាន បើសិនជាត្រូវការ​ជំនួយក្នុងការ​ដំណើរការ កិច្ចសន្ទនា​អន្តរកូរ៉េ ហើយថា លោកនឹង​គំាទ្រខ្ញុំ ១០០ភាគរយ... ចំណែកឯ​គោលបំណង​របស់ខ្ញុំ​ គឺដោះស្រាយ​បញ្ហានុយក្លេ អ៊ែរ​កូរ៉េខាងជើង និងស្វែងរក​សន្តិភាព»។

គួរបញ្ជាក់ថា ក្រោយកូរ៉េខាងជើង​យល់ព្រម​បញ្ជូនប្រតិភូរបស់ខ្លួន​ មកចូល​ព្រឹត្តិការណ៍​កីឡាអូឡាំពិក និងជួប​ពិភាក្សាការ​ងារ​នឹងក្រុមមន្ត្រីកូរ៉េខាងត្បូង​ជាបន្តបន្ទាប់ គេហាក់ដូចជា​មើលឃើញពី​ភាពខ្វែងគំនិតគ្នា​ ជុំវិញការ​ដោះស្រាយ​បញ្ហា នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។ ទីក្រុង​សេអ៊ូល បានបង្ហាញពី​បំណងចង់ចរចា រីឯទីក្រុងវ៉ាស៊ីនតោន​ថា ការចរចាអាចធ្វើ ទៅបានដារាប​ណាកូរ៉េខាងជើង​ បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​ជាមុនសិន។ មិនតែប៉ុណ្ណោះ​សហរដ្ឋអាមេរិក​ក៏បានអំពាវ នាវឱ្យមាន​ការដាក់ទណ្ឌកម្ម​ កាន់តែខ្លាំង​ប្រឆាំង​កូរ៉េខាងជើង៕