(ពិភពលោក)៖ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកជួយសង្គ្រោះអ៊ីរ៉ង់ បានទាញយកសាកសព ៣២នាក់ ចេញពីកន្លែងយន្តហោះធ្លាក់នៅជម្រាលភ្នំទឹកកកនៃ ភាគកណ្តាលឈាងខាងត្បូងប្រទេសនោះហើយ ក្រោយពីយន្តហោះអ៊ីរ៉ង់មួយគ្រឿងបានធ្លាក់នៅទីនោះជាមួយមនុស្ស ជិះសរុប ៦៥នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕

២៖ អាជ្ញាធរប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការយ៉ាងក្តៅគគុក និងចាប់បានក្រុមជនសង្ស័យជាសមាជិកក្រុមភេវករ និងក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ មកពីភាគខាងត្បូងហ្វីលីពីន សរុបមានគ្នា ១១នាក់៕

៣៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានតុលាការរដ្ឋអូក្លាហូម៉ា កាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាស ស្នើសុំលក្ខខណ្ឌដើម្បីមានការដោះលែងមុនកាលកំណត់ឡើយ ដោយសារតែបានបាញ់សម្លាប់អ្នកជិតខាងរបស់ខ្លួន ដែលជាជនជាតិលីបង់ នៅក្នុងអំពើហិង្សាមួយ ដែលកើតចេញពីភាពស្អប់ខ្ពើមក៏ដូចជាប្រកាន់រើសអើងគ្នាកាលពី ឆ្នាំ២០១៦។

៤៖ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា-អវកាសឯកជន SpaceX កំពុងគ្រោងបាញ់បង្ហោះផ្កាយរណបសាកល្បងទីមួយរបស់ ខ្លួននៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) សម្រាប់គ្រោងបង្កើតបណ្តាញអ៊ីនធើណែតក្នុងទីអវកាស ខណៈក្រុមហ៊ុនពោរពេញដោយមហិច្ឆតាមួយនេះមានផែនការថា នឹងធ្វើយ៉ាងណាបំពាក់ផ្កាយរណបខ្នាតតូចរាប់ពាន់ គ្រឿង នៅក្នុងលំហដើម្បីផ្តល់សេវាអ៊ីនធើណែតទូទាំងពិភពលោក៕

៥៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវ អាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុម ឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០នាក់៕

៦៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានទទួលរងការខូចខាតបន្តិចបន្តួច នាយប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីបាន រអិលចេញពីផ្លូវយន្តហោះនៅក្នុងទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្តែសំណាងល្អមនុស្សទាំងប៉ុន្មានដែលជិះនៅលើនោះពុំបានគ្រោះថ្នាក់ឡើយ៕