(គូឡាឡាំពួ)៖ អាជ្ញាធរប៉ូលិស​ម៉ាឡេស៊ី បានចេញប្រតិបត្តិការ​យ៉ាងក្តៅគគុក និងចាប់បាន​ក្រុមជនសង្ស័យ​ជាសមាជិក​ក្រុមភេវករ និងក្រុមឧទ្ទាម​អាប៊ូសាយយ៉ាហ្វ មកពីភាគ​ខាងត្បូង​ហ្វីលីពីន សរុប​មានគ្នា ១១នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រុមជនសង្ស័យ​ជាបណ្តាញ នៃពួកភេរវករ​ខាងលើនេះ ត្រូវបានចាប់ខ្លួន​ជាបន្តបន្ទាប់ គិតចាប់តាំងពី​ដើមខែកុម្ភៈ​នេះមក ហើយក្នុង​នោះ ១០នាក់ ត្រូវបានចាប់ខ្លួន​នៅក្នុងរដ្ឋ សាបាហ៍ (Sabah) នៃដែនដីម៉ាឡេស៊ី​ក្នុងតំបន់ North Borneo ជាប់ព្រំដែន​​ភាគខាងត្បូង នៃប្រទេស​ហ្វីលីពីន។ ប្រតិបត្តិការនេះ គឺជាការបំបែក​បណ្តាញភេរវករដ៏​ក្តៅគគុក ដែលពួកគេ​មានទំនាក់ទំនងជា​មួយក្រុមឧទ្ទាម និងភេរវករ​នៅភាគខាងត្បូង​ហ្វីលីពីន ហើយមាន​គោលដៅ បង្កការវាយប្រហារ​នៅម៉ាឡេស៊ី។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការ​បង្ក្រាប និងចាប់ខ្លួនជនសង្ស័យ​ខាងលើនេះ ក៏បានបណ្តាល​ឲ្យប្រជាជន​ស្លូតត្រង់ម៉ាឡេស៊ី ០២នាក់ និងហ្វីលីពីន ០៣នាក់ រងរបួសផងដែរ។ ដោយឡែក​នៅក្នុងចំណោម​ជន​សង្ស័យចំនួន ១១នាក់នោះ មានម្នាក់ជាជនជាតិ​ហ្វីលីពីន ដែលត្រូវបានបង្វឹក​ពីជំនាញប្រើប្រាស់​កាំភ្លើង ពីសំណាងមេដឹកនាំ​ក្រុមរដ្ឋអ៊ីស្លាម ISIS នៅភាគខាងត្បូង​ហ្វីលីពីន​ផ្ទាល់តែម្តង៕