(ការ៉ាកាស់)៖ វេណេស៊ុយអេឡា​បានស្នើឱ្យអង្គការ​សហប្រជាជាតិ (UN) បញ្ជូនក្រុមអ្នក​អង្កេតការ​របស់ខ្លួន ដើម្បីមកឃ្លាំមើល​ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃទី២២ ខែមេសា​ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​ប្រធានក្រុមប្រឹក្សារៀបចំ​ការបោះឆ្នោត​វេណេស៊ុយអេឡា លោកស្រី ទីប៊ីសេយ លូសេណា (Tibisay Lucena) សំបុត្រ​អញ្ជើញជាផ្លូវការ ត្រូវបានប្រគល់​ជូន​អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ លោក អាតូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) កាលពីថ្ងៃអង្គារ​ម្សិលមិញ។ លោកស្រី​បន្ថែមថា ក្រុមអ្នកអង្កេត​ការ UN នឹងមិនមែនជាអ្នកអង្កេតការ​អន្តរជាតិ​តែមួយគត់​នោះទេ ប៉ុន្តែលោកស្រី ក៏មិនទាន់បាន​បញ្ជាក់ពីប្រតិភូ​ផ្សេងៗ​ទៀតដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​វេណេស៊ុយអេឡា នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២២ ខែមេសា ខណៈក្រុម​ប្រឆាំង​បានជំទាស់​ហើយប្រកាសថា ពួកគេនឹង​ពហិការ​មិនចូលរួមក្នុងការ​បោះឆ្នោត​នេះ៕