(ប៉ារីស)៖ ក្រុមហ៊ុនផលិត​យន្ដហោះអឺរ៉ុប Airbus បានប្រគល់ជាលើក​ដំបូងនូវ Airbus A350-1000 ដែលជាប្រភេទ​យន្ដហោះវែងជាង​គេបំផុត របស់ក្រុមហ៊ុនមួយ​ដល់ក្រុមហ៊ុន Qatar Airways នៅថ្ងៃអង្គារ​សប្ដាហ៍នេះ នៅអំឡុងពីធី​មួយក្នុងទីក្រុង Toulouse ប្រទេសបារាំង។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមហ៊ុន Airbus បានគូសបញ្ជាក់​ដូច្នេះថា «វាគឺជាការប្រគល់​លើកដំបូងបំផុត នៃយន្ដហោះ A350-1000 ៣៧គ្រឿង ដែលត្រូវបានបញ្ជា​ទិញដោយក្រុមហ៊ុន Qatar Airways »។ លើស​ពីនេះទៅ ទៀត​ក្រុមហ៊ុន Qatar Airways ក៏បានអះអាង​ដែរថា នេះក៏ជាលើកដំបូង​ផងដែរ ដែលក្រុមហ៊ុននឹង​ដំណើរការ​យន្ដហោះប្រភេទនេះ ហើយវាអាច​នឹងជួយឱ្យក្រុមហ៊ុន​ ក្លាយជាអ្នកឈានមុខគេ​ក្នុងវិស័យ​អាកាសចរណ៍។

គួរបញ្ជាក់ថា មានប្រវែង ៧៤ម៉ែត្រ Airbus A350-1000 គឺជាប្រភេទ​យន្ដហោះ​​វែងជាងគេ​បំផុត​របស់ក្រុមហ៊ុន Airbus ដោយប្រើប្រាស់​ម៉ាស៊ីន Rolls Royce​ ព្រមទាំងមាន​កៅអីសរុបចំនួន ៣៣៦ សម្រាប់​អ្នកដំណើរ។​ យន្ដហោះ​ប្រភេទនេះ ជាធម្មតា​មានតម្លៃ ៣៣៦.៥លានដុល្លារ​ក្នុងមួយ​គ្រឿង៕