(អ៊ីរ៉ង់) ៖ ហេតុការណ៍ធ្លាក់យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍​អ៊ីរ៉ង់ បណ្តាលឱ្យមនុស្សទាំងអស់​នៅលើយន្តហោះ​ត្រូវបាត់បង់ជីវិត។ ខាងក្រោម​នេះជាព័ត៌មានលម្អិត​សំខាន់ៗ ជុំវិញសោកនាដកម្ម​ធ្លាក់យន្តហោះ​ ដែលជាករណីធំមួយប្រចាំដើមឆ្នាំ២០១៨នេះ ក្នុងប្រទេសអ៊ីរ៉ង់៖

* ទីតាំង ពេលវេលា និងហេតុការណ៍​ធ្លាក់យន្តហោះ

យន្តហោះរងគ្រោះ​បានធ្លាក់នៅព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។ យន្តហោះនេះ​មានគោលដៅហោះហើរពី​ទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ង់ ដែលមានចម្ងាយ​ហោះហើរប្រវែង ៧៨០គីឡូម៉ែត្រ។ ជាអកុសល្យ បន្ទាប់ពីហោះហើរទើបតែ ៥០នាទី វាបានធ្លាក់​នៅតំបន់ភ្នំ Dena ដែលមាន​កម្ពស់ ៤.៤០០ម៉ែត្រ ដែលស្ថិត​នៅក្បែរគោលដៅ​ដែលយន្តហោះត្រូវ​ចុះចត។

យន្តហោះនេះ​មានជើងហោះហើរ​លេខ EP3704 បានបាត់ដំណឹង​ចេញពី​ប្រព័ន្ធរ៉ាដា ក្នុងរយៈពេល ៥០នាទី បន្ទាប់ពីចាប់​ផ្តើម​ហោះហើរ។ គួររំឮកថា តាមរយៈអ្នកធ្លាប់​ធ្វើដំណើរលើយន្តហោះ​នេះ កាលពីពេល​ថ្មីៗនេះ បានបង្ហាញវីដេអូ​ថតពីលើ​យន្តហោះ ដែលបង្ហាញថា យន្តហោះហើរ​កៀកនឹងកំពូលភ្នំ​មែនទែន។ តាមអ្នកជំនាញ​បានព្រមានថា អ្នកបើកបរយន្តហោះ​ត្រូវរក្សាកម្ពស់ក្នុង​ការបើកបរយ៉ាងហោច​ណាស់ ១៥,០០០ហ្វីតពីដី (ជាង ៤,៥០០ម៉ែត្រ)។

* ចំនួនជនរងគ្រោះ

នៅលើយន្តហោះនេះ មានមនុស្សសរុប​ចំនួន ៦៥នាក់ ក្នុងនោះអ្នក​ដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់ ត្រូវស្លាប់បាត់បង់​ជីវិតទាំងអស់ គ្មានអ្នកណាម្នាក់​នៅរស់រាននោះឡើយ។ បុរសម្នាក់បានថ្លែងជាមួយនឹង​សំបុត្រយន្តហោះបញ្ជាក់ថា លោកពិតជាមាន​សំណាងដែលបានខកជើង​ហោះហើរនេះ ប៉ុន្តែលោកមានក្តី​សោកស្តាយជាខ្លាំង សម្រាប់អ្នកដែលបានបាត់បង់ជីវិត​ក្នុងហេតុការណ៍​ដ៏រន្ធត់នេះ។ ដោយឡែក​ស្ត្រីម្នាក់បានលើកឡើងថា លោកស្រីហាក់​មិនជឿថា ហេតុការណ៍​នេះជារឿងពិតនោះឡើយ ដោយបញ្ជាក់ថា ស្វាមីរបស់លោកស្រី​ជាម្នាក់ក្នុងចំណោម​ជនរងគ្រោះ​ នៅលើ​យន្តហោះ។

* មូលហេតុធ្លាក់

មូលហេតុចម្បង​ដែលបាននាំឲ្យ​យន្តហោះនេះ ធ្លាក់នៅតំបន់ភ្នំ​ភាគខាងត្បូង​ប្រទេស បណ្តាលមកពី​កត្តាអាកាសធាតុ​មិនអំណោយផល ដោយសារ​មានចុះអ័ព្ទ ធ្លាក់ព្រិល ព្រមទាំងខ្យល់បក់​បោកខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍​របស់ភ្នាក់ងារ​ព័ត៌មានABC NEWS ចេញផ្សាយ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

* ប្រតិបត្តិការជួយសង្គ្រោះ និងសាររំលែកទុក្ខ

យោងតាមប្រធាន​ក្រុមអ្នកជួយសង្រ្គោះ លោក ម៉ូតេហ្សា សាលីមី (Morteza Salimi) បានឱ្យដឹងថា បំណែក​យន្ដហោះ ត្រូវបានគេប្រទះឃើញ​នៅក្បែរភូមិ ណូហ្គោល (Nogol) នៃតំបន់ភ្នំ ដេណា (Dena) នាព្រឹក​ថ្ងៃអង្គារនេះ តែជាអកុសលអាកាសធាតុ​មិនអំណោយផលទាល់​តែសោះ ដែលបង្កការលំបាក​ដល់ការងារ​ជួយសង្គ្រោះ។

មេដឹកនាំជាន់​ខ្ពស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ ខាមេណៃ និងប្រធានាធិបតី​អ៊ីរ៉ង់លោក ហាស្សាន រួហានី បានសម្តែងនូវ​មរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ​ជនរងគ្រោះទាំងអស់ ព្រមទាំងបាន​ចេញបញ្ជាឲ្យក្រុមសង្គ្រោះ ទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលយកសាកសពជន ត្រឡប់មកវិញ និងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការធ្លាក់យន្តហោះ។ ជាមួយគ្នានេះដែរ ក្រុមអឌ្ឍចន្ទក្រហម​អ៊ីរ៉ង់ ក៏បានបញ្ជូនកម្លាំងទៅកាន់ទីតាំង​កើតហេតុផងដែរ។

* ប្រភេទយន្តហោះ

យន្តហោះនេះ ជាប្រភេទ ATR-72 មានជើង​ហោះហើរលេខ EP3704 ត្រូវបានផលិត​ឡើងនៅ​ឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុក​ជាយន្តហោះ​ចំណាស់មួយ ម៉ាស៊ីនពីរទុក​សម្រាប់ធ្វើដំណើរ​តែក្នុងស្រុក ដែល​មានរយៈចម្ងាយ​ខ្លី​ប៉ុណ្ណោះ ។ យន្តហោះនេះ​ជាកម្មសិទ្ធិ នៃក្រុមហ៊ុន​អាកាសចរណ៍ Amseman Airlines ដែលទើប​ដំណើរការបាន ត្រឹមតែរយៈពេល​មួយខែប៉ុណ្ណោះ បន្ទាប់ពីការផ្អាក​ដំណើរការអស់​រយៈពេល ០៧ឆ្នាំ ក្រោយរង​ការដាក់ទណ្ឌកម្ម ពីសំណាក់បណ្តា​ប្រទេស​លោកខាងលិច ជាការឆ្លើយតប​នឹងកម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយបាន​ហាមឃាត់មិនឱ្យទិញ​គ្រឿង​បន្លាស់​យន្តហោះ សម្រាប់ជួសជុល​យន្តហោះ​ឡើយ។

ក្រោយមក​ប្រទេស​អ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀង​ក្នុងតម្លៃជាទឹកប្រាក់រាប់​ពាន់លានដុល្លារ​ សម្រាប់ការទិញ​យន្តហោះថ្មី។ យ៉ាងនេះក្តី ប្រធានាធិបតី​អាមេរិក លោក Donald Trump បានបដិសេធដោយ​មិនទទួលស្គាល់​កិច្ចព្រមព្រៀងនេះ ព្រមទាំងបដិសេធ​មិនលក់យន្តហោះ​ឱ្យអ៊ីរ៉ង់ ហេតុនេះទើប​អ៊ីរ៉ង់បង្ខំចិត្តហោះហើរ​ដោយប្រើប្រាស់​យន្តហោះ​ចាស់ៗ។

ក្រុមហ៊ុន​អាកាចរណ៍ Aseman Airlines ជាក្រុមហ៊ុន​របស់អ៊ីរ៉ង់​មានទីស្នាក់ការក្នុង​ទីក្រុង តេអ៊ីរ៉ង់ ដែលក្តោបក្តាប់​ទៅលើការហោះហើរ​ ទៅកាន់តំបន់​ដាច់ស្រយាលទូទាំង​ប្រទេស។ ក្រុមហ៊ុននេះ​ក៏មានសេវាកម្មហោះហើរ​ ទៅក្រៅប្រទេសផងដែរ។ ប៉ុន្តែមិនត្រូវបាន​អនុញ្ញាតឱ្យហោះហើរ​ទៅអឺរ៉ុបឡើយ ដោយបារម្ភចំពោះ​បញ្ហាសុវត្ថិភាព។ វាជាក្រុមហ៊ុន​អាកាសចរណ៍ ធំ​ជាងគេ​ទីបី​នៅអ៊ីរ៉ង់។

* ប្រវត្តិនៃ​ការធ្លាក់

ប្រទេសអ៊ីរ៉ង់ ធ្លាប់បានរងគ្រោះ​ដោយសារគ្រោះថ្នាក់​ធ្លាក់យន្ហហោះជាច្រើន​លើក ក្នុងរយៈពេលប៉ុន្មាន​ទសវត្សរ៍ចុង​ក្រោយនេះ។ ហេតុការណ៍ធ្លាក់​យន្តហោះដ៏ធ្ងន់ធ្ងរ​ចុងក្រោយបំផុត បានកើតឡើង​កាលពី​ខែមករា ឆ្នាំ២០១១ កន្លងទៅនេះ បន្ទាប់ពី​យន្តហោះ​អ៊ីរ៉ង់ Air Boeing 727 បានផ្ទុះក្លាយ​ជាបំណែក ខណៈព្យាយាម​ចុះចត​ជាបន្ទាន់ នៅពេលដែល​ជួបហេតុការណ៍​ព្យុះព្រិល ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យ​មនុស្ស ៧៧នាក់ ស្លាប់បាត់​បង់ជីវិត។

ដោយឡែក​នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៣​ កន្លងទៅនេះ យន្តហោះអ៊ីរ៉ង់​ជាមួយនឹង​អ្នកដំណើរ ១៣២នាក់ នៅលើ​យន្ហហោះ បានបុកជា​មួយន្តហោះទ័ពអាកាស​មួយគ្រឿង​ទៀត បន្ទាប់ពីហោះហើរ​ ចេញពីអាកាសយានដ្ឋាន​ក្នុងទីក្រុង​តេអ៊ីរ៉ង់ បណ្តាលឱ្យមនុស្ស​ទាំងអស់ក្នុងយន្តហោះ​ទាំងពីរ ​ត្រូវស្លាប់បាត់​បង់ជីវិត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា