(នីហ្សេរីយ៉ា)៖ យន្តហោះដឹក​អ្នកដំណើរ​មួយគ្រឿង បានទទួលរងការ​ខូចខាតបន្តិចបន្តួច​ នាយប់ថ្ងៃអង្គារ​ម្សិលមិញ ក្រោយពីបាន​​រអិលចេញពី​ផ្លូវយន្តហោះ​នៅក្នុង​ទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូង​នៃប្រទេស​នីហ្សេរីយ៉ា ប៉ុន្តែសំណាង​ល្អ​មនុស្ស​ទាំងប៉ុន្មាន​ដែលជិះនៅ​លើនោះ​ពុំបានគ្រោះ​ថ្នាក់ឡើយ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នកនាំពាក្យ​នៃអាជ្ញាធរសហព័ន្ធអាកាសយានដ្ឋាន​នីហ្សេរីយ៉ា បានឲ្យដឹងថា យន្តហោះ​ខាងលើ ដែលមានផ្ទុក​មនុស្ស ៤៩នាក់ នៅ​​ពេលហេតុការណ៍​នេះបានកើត​ឡើង គឺជារបស់ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុកឈ្មោះ Dana Air ហើយឧប្បត្តិ​ហេតុនេះ ត្រូវបាន​គេដាក់​ការសង្ស័យថា ប្រហែលជាបង្ក​ឡើងដោយ​ការ​ធ្លាក់ភ្លៀងខ្លាំង អមជាមួយ​កម្លាំងខ្យល់បក់​សន្ធប់ៗ និងព្យុះ​ថែម​ទៀត។

គួរជម្រាបថា យន្តហោះរបស់​អាកាសចរណ៍​ Dana Air បានហោះ​​មក​ទីក្រុង Port Harcourt ដោយ​ចេញពី​រដ្ឋធានី Abuja នៃ​ប្រទេស​​នីហ្សេរីយ៉ា ហើយ​ក្រោយ​​ពេលកើត​ហេតុ មនុស្ស​ទាំងអស់​ត្រូវបានជម្លៀសខ្លួន​ដោយ​សុវត្ថិភាព។ គួររំលឹក​ផងដែរថា កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១២ យន្តហោះ​ដឹកអ្នកដំណើរ​មួយគ្រឿង​របស់​អាកាសចរណ៍ Dana Air បានធ្លាក់ចំតំបន់​មានមនុស្សរស់នៅ​​ច្រើនក្នុង​ទីក្រុង Lagos ដែលជាលទ្ធផល​បានផ្តាច់ជីវិត​មនុស្ស ១៥៣នាក់ ជិះនៅ​លើនោះ និង ៤០នាក់​ផ្សេងទៀត នៅក្នុងអគារ​កម្ពស់​ពីរជាន់​មួយខ្នង ដែលយន្តហោះ​នោះបាន​បុកចំ៕