(សេអ៊ូល)៖ ទីបំផុតសាលក្រម​របស់តុលាការ​​កូរ៉េខាងត្បូង បានចេញមកហើយ​​នៅរសៀល​ថ្ងៃអង្គារនេះ ដោយមិត្តភក្តិជិតដិត​បំផុតរបស់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឈ្មោះ ឆយ ស៊ូនស៊ីល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំមូលនិធិសាធារណៈ និងលូកលាន់កិច្ចផ្ទៃក្នុងរដ្ឋ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

តុលាការស្ថិតនៅ​ក្នុងសង្កាត់មួយ នៃភាគកណ្តាល​ទីក្រុងសេអ៊ូល បានកាត់ទោស​ដូចខាងលើ​នេះ​ទៅលើលោកស្រី ឆយ ពាក់ព័ន្ធនឹងបទល្មើស​សរុបរហូតដល់ទៅ ១៨ករណី​ឯណោះ ដែលលោកស្រីរងការចោទប្រកាន់ ភាគច្រើនបំផុត គឺពាក់ព័ន្ធ​អំពើពុក​រលលួយតែម្តង។ លោកស្រី​ ឆយ គឺជាមិត្តជិត​ស្និទ្ធបំផុត​ ជាមួយអតីត​ប្រធានាធិបតី ផាក គឺនហេ រយៈពេលជាង ០៤ទសវត្សរ៍មកហើយ ដោយលោកស្រី​​ត្រូវបាន​ចាប់ខ្លួន​កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ មុនប៉ុន្មានខែ​នៃការខ្ទាតចេញពី​អំណាច​​របស់​លោកស្រី ផាក ដោយសាររឿងរ៉ាវពាក់ព័ន្ធ​គ្នាជាចង្កោមតែម្តង។

គួរបញ្ជាក់ថា សម្រាប់​លោកស្រី ផាក គឺនហេ វិញគឺមិនទាន់​មានការផ្តន្ទាទោស​នោះឡើយ ប៉ុន្តែអតីតមនុស្ស​ជំនិតលោកស្រី​ម្នាក់ទៀត គឺលោក An Chong-bum ដែលជាអតីតមន្ត្រីជាន់​ខ្ពស់មួយរូប​ដែរនោះ ត្រូវបានកាត់ទោស​ដាក់ពន្ធនាគារ ០៦ឆ្នាំ ពីបទឃុបឃិត​ជាមួយ​លោកស្រី ផាក គឺនហេ និងលោកស្រី ឆយ ស៊ូនស៊ីល៕